ម្ចាស់មេដាយសំរឹទ្ធ Asian GANEFO ទទួលមរណភាព ក្នុងវ័យ៩១ឆ្នាំ

កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ កែវ ថុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែធ្នូ ក្នុងវ័យ៩១ឆ្នាំ  គឺជាការ បាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបក្នុងវិស័យកីឡា និងចលនាអូឡាំពិក ដែលលោកជា អតីតម្ចាស់មេដាយសំរឹទ្ធកីឡាអាស៊ី Asian GANEFO ក្នុងទសវត្សរ៍៦០។

អគ្គលេខាធិការអូឡាំពិកកកម្ពុជារូបនេះបានចាត់ទុកថា មរណភាពរបស់ លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់អតីតកីឡាករអត្តពលកម្មជើងចាស់ម្នាក់ ដែលលោក កែវ ថុន ធ្លាប់បានចាប់ផ្ដើមលេងកីឡាអត្តពលកម្ម តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោកបានចូលរួមការប្រកួតអន្ដរជាតិជាច្រើន និងធ្លាប់ឈ្នះមេដាយសំរឹទ្ធ កម្រិតអាស៊ី នៃព្រឹត្តិការណ៍ Asian GANEFO ទៀតផង។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹទ្ធាចារ្យ កែវ ថុន គឺអតីតជាបុគ្គលឆ្នើមម្នាក់ និងក៏ជាអតីតកីឡាករឆ្នើមម្នាក់លើប្រភេទកីឡាអត្តពលកម្ម រត់ចម្ងាយឆ្ងាយរបស់កម្ពុជា ប្រចាំទសវត្សរ៍៦០ ហើយជាបន្តបន្ទាប់លោកព្រឹទ្ធាចារ្យ កែវ ថុន ក៏ជាអតីកីឡាករ និងជាអតីតថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិក ដែលមានបច្ចេកទេស និងចំណេះដឹងជ្រៅជ្រះ និងបានរួមចំណែកជួយដល់វិស័យកីឡាកម្ពុជា ជាពិសេសលោក បានជួយបង្កើតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំបូង កាលពីអំឡុងឆ្នាំ១៩៨៤-១៩៨៥ រហូតដល់ជួយជំរុញឱ្យគណៈកម្មាធិការជាតិអន្តរជាតិ ទទួលស្គាល់សមាសភាពកម្ពុជា ជាបេក្ខភាពរបស់អន្តរជាតិម្តងទៀត។ ដូច្នេះលោកមានស្នាដៃច្រើនផងដែរ ដោយក្រៅពីនេះ លោកក៏ធ្លាប់បានស្វះស្វែងរកធនធានមនុស្សក្នុងវិស័យកីឡា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលនៅសេសសល់រស់រានមានជីវិត ដើម្បីរួមគ្នាជួយជ្រោមជ្រែង រៀបចំវិស័យ កីឡាកម្ពុជាឡើងវិញ។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ទៀតថា ព្រឹទ្ធាចារ្យ កែវ ថុន ធ្លាប់បានកសាង ស្នាដៃជូនជាតិជាច្រើន ក្នុងជីវភាពជាកីឡាករ ក្នុងទសវត្សរ៍៦០ និង៧០ ដោយដណ្តើមបាន មេដាយក្នុងកម្រិតកីឡាអាស៊ី និងបន្តស្វែងរកមេដាយ នៅក្នុងកីឡាស៊ីហ្គេម ជាច្រើនដែរ ដែលទាំងនេះគឺជាសមិទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់លោកព្រឹទ្ធាចារ្យដ៏គួរឱ្យគោរពស្រឡាញ់ និងបានបន្សល់ទុកស្នាដៃ ជាច្រើនជាបន្ទាប់សម្រាប់វិស័យកីឡាកម្ពុជា។ កាលពីឆ្នាំ២០១៦ លោក កែវ ថុន ធ្លាប់បានចូលរួមរត់ភ្លើងគុបក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ បើទោះបីជាពេលនោះ លោកមានវ័យជាង៨០ឆ្នាំក៏ដោយ ក៏លោកអាចរត់ភ្លើងគុបបានចម្ងាយ ពី១០ទៅ២០គីឡូម៉ែត្រដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT