Mourinho ថា​ក្រុម​ទើប​ធ្លាក់​ពី UCL មួយ​នេះ សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន Europa League

អ្នកចាត់ការ​ក្លឹប Tottenham Hotspur គឺ​លោក Jose Mourinho បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប​ទើប​តែ​ធ្លាក់​ពី Champions League នោះ​គឺ​បិសាច​ក្រហម Manchester United នឹង​មាន​ភាគរយ​ខ្ពស់​អាច​ឈ្នះ​ពាន​រង្វាន់ Europa League រដូវ​កាល​នេះ។

បញ្ជាក់​ថា United បាន​បរាជ័យ ៣-២ នៅ​ជុំ​ចុង​ក្រោយ​ទល់ RB Leipzig ហើយ​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​ឆ្ពោះ​ទៅ​កាន់​វគ្គ ១៦ ក្រុម និង​ត្រូវ​ធ្លាក់​មក​ចូលរួម​ការ​ប្រកួត​នៅ Europa League នាម​ជា​ក្រុម​លេខ ៣ ​ក្នុង​ពូល​ដែល​មាន​ពិន្ទុ​ខ្ពស់​បំផុត។

ផ្សា​ភ្ជាប់​នឹង​បរាជ័យ​នេះ បុរស​មាន​រហ័ស​នាម “Special One” ដែល​ធ្លាប់​ជា​អតីត​គ្រូ​បង្វឹក​នៅ Old Trafford ​បាន​និយាយ​ថា៖ “Manchester United បាន​ក្លាយ​ជា​ក្រុម​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​អាច​ឈ្នះ​ពាន​រង្វាន់​ ​ព្រោះ​ក្រុម​ដែល​ធ្លាក់​មក​ពី Champions League គឺ​ពួក​គេ​រឹងមាំ​ខ្លាំង​ណាស់ ហើយ​ជា​ទូទៅ​មាន​ប្រៀប​ជាង​ក្រុម​នៅ Europa League”។

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បន្ត​ទៀត​ថា៖ “United ស្ថិត​នៅ​ចំណោម​ក្រុម​កំពូល ដោយ​នៅ​ក្នុង​ពូល​របស់​ពួក​គេ​គឺ​ពិត​ជា​តានតឹង​ខ្លាំង​ណាស់ ដែល​មាន Paris Saint-Germain និង Leipzig ហើយ​យើង​ក៏​បាន​ដឹង​ហើយ​ដែរ​ ថា​វា​មិនមែន​ជា​រឿង​នោះ​ឡើយ​សម្រាប់​ពួក​គេ”។

រំឭក​ដែរ​ថា​បិសាច​ក្រហម ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Europa League បាន ១ លើក​នៅ​រដូវ​កាល ២០១៦/១៧ ដែល​ឆ្នាំ​នោះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho ​ក្រោយ​យក​ឈ្នះ Ajax ៣-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT