ការប្រកួតនៅវគ្គចែកពូល ៣២ ក្រុម UEFA Champions League បានបញ្ចប់ទៅនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយជាលទ្ធផលយើងក៏សម្រេចរកឃើញឈ្មោះក្រុមទាំង ១៦ ដែលត្រូវឡើងទៅកាន់វគ្គបន្ទាប់ហើយដែរ។
ការចាប់ឆ្នោតក្រុមដែលត្រូវប៉ះគ្នា នឹងប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្ដាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វីស នាថ្ងៃទី ១៤ ធ្នូសប្ដាហ៍ក្រោយ។ ខណៈការប្រកួតជើងទី ១ នឹងធ្វើឡើងនៅថ្ងៃទី ១៦&១៧ និង ២៣&២៤ ខែកុម្ភៈ ហើយជើងទី ២ នៅថ្ងៃទី ៩&១០ និង ១៦&១៧ ខែមិនា ឆ្នាំ ២០២១។
មុនឈានដល់ការចាប់ឆ្នោតក្រុមដែលត្រូវប៉ះគ្នា អ្នកគាំទ្រគួរតែដឹងពីដំណើរការនៃច្បាប់ក្រមរបស់វាជាមុនសិន។ នោះគឺត្រង់ថា UEFA បែងចែកជា ២ ផ្នែកដោយមាន ៨ ក្រុមដែលជាក្រុមឈរលេខ ១ ក្នុងពូល ហើយ ៨ ក្រុមផ្សេងទៀតជាក្រុមឈរលេខ ២ ក្នុងពូលកាលពីវគ្គ ៣២ ក្រុម។
ក្រុមទាំង ៨ នៃផ្នែកទាំងពីរ នឹងត្រូវផ្គូផ្គងគ្នាតាមរយៈការចាប់ឆ្នោត ប៉ុន្តែលក្ខខណ្ឌពិសេសគឺក្រុមនីមួយៗ មិនអាចជួបក្រុមដែលស្ថិតក្នុងពូលរួមគ្នាកាលពីវគ្គមុនបានទេ ហើយក៏មិនអាចជួបក្រុមដែលមកពីលីគរួមគ្នាតែមួយនោះដែរ។
ឧទាហរណ៍ជាក់ស្តែងដូចជា Bayern Munich ដែលឈរលេខ ១ នៅពូល A មិនអាចជួបក្រុម Borussia Monchengladbach, RB Leipzig និង Atletico Madrid បាននោះទេ លើកលែងតែ ៥ ក្រុមផ្សេងទៀតមានដូចជា Porto, Atalanta, Sevilla, Lazio ឬ Barcelona តែប៉ុណ្ណោះ។
ផ្សាភ្ជាប់នឹងការចាប់ឆ្នោតនេះ Barcelona គឺជាក្រុមមួយដែលប្រឈមហានិភ័យខ្ពស់បំផុតនៅវគ្គបន្ទាប់ ១៦ ក្រុម ព្រោះគូប្រជែងដែលពួកគេអាចនឹងជួបសុទ្ធតែក្រុមគីឡូធ្ងន់ប្រចាំលីគកំពូលអឺរ៉ុប។ ដោយដកឈ្មោះ Real Madrid និងក្រុមរួមពូល Juventus បែបនេះ Barcelona មាន ៦ ក្រុមដែលនឹងត្រូវផ្គូផ្គង ដោយរួមមានក្រុមការពារជើងឯក Bayern Munich ដែលយកឈ្នះខ្លួន ៨-២ កាលពីរដូវកាលមុន ក្រុមខ្លាំងអង់គ្លេសទាំងបី Man City, Chelsea,Liverpool ហើយក្រុម Borussia Dortmund និងក្រុមជើងឯករង Paris Saint-Germain៕