ការប្រកួតរវាងក្លឹប Istanbul Basaksehir និង Paris Saint-Germain កាលពីយប់មិញ បានកើតមានហេតុការណ៍ប៉ះទង្គិចពាក្យសម្តីដ៏ធ្ងន់ធ្ងរមួយ ដល់ថ្នាក់នាំឲ្យការប្រកួតត្រូវបញ្ឈប់និងលើកពេលមកប្រកួតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះវិញ។
មានអ្នកគាំទ្រជាច្រើនបានចោទសួរមកកាន់ទំព័រ CTS Sports ដោយចង់ដឹងពីដំណើរដើមទងនៃរឿងរ៉ាវដ៏ក្តៅគគុកមួយនោះ។ ជាការពិតណាស់ហេតុផលគឺដោយសារកើតមានសកម្មភាពរើសអើងពណ៌សម្បុរទៅលើជនជាតិស្បែកខ្មៅ។
នោះគឺជាការប៉ះទង្គិចពាក្យសម្ដីរវាងមន្ត្រីអាជ្ញាកណ្ដាលទី ៤ លោក Sebastian Coltescu សញ្ជាតិរ៉ូម៉ានី និងជំនួយការគ្រូបង្វឹកក្លឹប Istanbul លោក Pierre Webo សញ្ជាតិកាមេរ៉ូន។ រឿងហេតុគឺត្រង់ថាលោកអាជ្ញាកណ្ដាល Sebastian មិនបានហៅឈ្មោះឬពាក្យតំណាងអ្វីសមរម្យនោះទេទៅលើ Pierre ផ្ទុយទៅវិញ បែរជាបោះពាក្យថា “បុរសស្បែកខ្មៅម្នាក់នោះ”។ ត្រង់ពាក្យមួយម៉ាត់នេះហើយដែលលោក Webo មានការខឹងសម្បាជាខ្លាំង ហើយងើបឈរតវ៉ានិងចោទប្រកាន់ថាអាជ្ញាកណ្ដាលបានរើសអើងពណ៌សម្បុរ។
ក្រោយការតវ៉ាឥតឈប់ នៅនាទីទី ១៤ អាជ្ញាកណ្ដាលធំលើទីលានលោក Ovidiu Hategan ក៏បានដើរសំដៅមកលើកកាតក្រហមឲ្យ Webo តែរឿងនោះមិនបានបញ្ចប់ទៅងាយៗនោះទេ ហើយវាកាន់តែបន្ថែមកម្តៅឡើង រហូតដល់ថ្នាក់កីឡាកររបស់ក្លឹប Istanbul ទាំងអស់ឯកភាពគ្នាមិនបន្តការប្រកួត ហើយដើរសំដៅទៅបន្ទប់ផ្លាស់សំលៀកបំពាក់វិញ។
DEMBA BA. QUEL HOMME 👑 pic.twitter.com/R5hJ1iEWpB
— 🐼. (@HitchensIsBack) December 8, 2020
រឿងចម្រូងចម្រាសនេះបានកើតឡើងរយៈពេលជាង ៧ នាទីនៅតំបន់ខ្សែបន្ទាត់ ហើយកីឡាករ Kylian Mbappe របស់ PSG ក៏បានជំរុញឲ្យមិត្តរួមក្រុមទាំងអស់របស់ខ្លួន ឈរនៅខាងកីឡាករ Istanbul ដើម្បីសម្រេចផ្អាកការប្រកួតនោះ។
មកទល់ពេលនេះ សមាគមបាល់ទាត់អឺរ៉ុប UEFA កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយចំណាត់ការដាក់ពិន័យបែបណា យើងនឹងបានដឹងនៅពេលក្រោយ។ ដោយឡែកសម្រាប់ការប្រកួត គឺត្រូវលើកមកធ្វើនៅវេលាម៉ោង ១២:៥៥ នាទី យប់រំលងអាធ្រាត្រចូលថ្ងៃព្រហស្បតិ៍នេះវិញ ដើម្បីសម្រេចរកក្រុមលេខ ១&២ ក្នុងពូល G៕
ប្រភព៖ SportBible