គ្រូ Juventus៖ “បញ្ហា​របស់ Messi ពេល​នេះ​គឺ​ផ្លូវ​ចិត្ត មិនមែន​លើ​ទម្រង់​លេង​ទេ”

មុន​ឈាន​ដល់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Camp Nou រាត្រី​នេះ អ្នកចាត់ការ​ក្រុម​ភ្ញៀវ​លោក Andrea Pirlo បាន​ឆ្លៀត​និយាយ​ដល់​ស្ថានភាព​របស់ Lionel Messi ថា បញ្ហា​ដែល​គេ​កំពុង​ជួប​ប្រទះ​ពេល​នេះ​គឺ​ផ្លូវ​ចិត្ត មិនមែន​ជា​ការ​ធ្លាក់​ទម្រង់​លេង​អ្វី​នោះ​ទេ។

ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​មុន​បើក​ការ​ប្រកួត គ្រូ​ធំ​សេះ​បង្កង់​និយាយ៖ “Messi កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បញ្ហា​ដែល​គេ​ជួប​ប្រទះ​នៅ​រដូវ​ក្តៅ មិន​ទាក់ទង​នឹង​ការ​លេង​ក្នុង​អាជីព​របស់​គេ​ទេ ពោល​គឺ​ត្រង់​ថា​គេ​គួរ​បន្ត​នៅ Barcelona ទៀត​ឬ​អត់”។

លោក​បន្ត៖ “កំឡុង​ការ​ប្រកួត​គេ​នៅ​តែ​បង្ហាញ​ពី​តម្លៃ​របស់​គេ ហើយ​លើស​ពី​ការ​លេង​បាល់ទាត់ នោះ​គឺ​បញ្ហា​ស្ថិត​ត្រង់​ផ្លូវ​ចិត្ត​របស់​គេ តែ​ខ្ញុំ​មិន​ចង់​និយាយ​ស៊ី​ជម្រៅ​អ្វី​នោះ​ទេ ព្រោះ​វា​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ពួក​យើង”។

បញ្ជាក់​ថា ការ​ប្រកួត​យប់​នេះ​គឺ​ជា​ការ​ជួប​គ្នា​សារ​ជា​ថ្មី​រវាង​តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi ដែល​ខកខាន​ប៉ះ​គ្នា​លើ​ទីលាន​អស់​រយៈ​ពេល​ជាង ២ ឆ្នាំ​មក​ហើយ ពោល​គឺ​ពេល​ចុង​ក្រោយ​នៅ​ចុង​ខែ​ឧសភា ឆ្នាំ ២០១៨ គ្រា​ដែល CR7 នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Real Madrid៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT