Pep Guardiola អ្នកចាត់ការក្រុម Manchester City ជឿជាក់ថា Liverpool, Chelsea និង Man United នៅរដូវកាលនេះ គឺពិតជាមានសមត្ថភាពខ្ពស់អាចប្រជែងយកពាន Premier League ពីក្រុម Man City បាន។
Guardiola អ្នកចាត់ការជោគជ័យខ្លាំងទាំងនៅអេស្ប៉ាញ អាល្លឺម៉ង់ ហើយបច្ចុប្បន្នកំពុងធ្វើបានល្អនៅអង់គ្លេសទៀតនោះ នឹងដឹកនាំក្រុមប៉ះជាមួយក្រុម Arsenal នៅរាត្រីនេះហើយ ដើម្បីបើកឆាកការប្រកួត English Premier League ។ ក្នុងនាមជាក្រុមការពារតំណែងជើងឯក Guardiola មើលឃើញជាស្រេចថារដូវកាលនេះអាចនឹងមិនងាយស្រួលដូចរដូវកាលមុនឡើយ។ លោកដឹងច្បាស់ថាក្រុមដទៃទទួលបានកីឡាករល្អៗមករួមក្រុមច្រើន ហើយនេះជាកត្តាផ្ដល់ការលំបាកដល់ Man City ការពារតំណែងជើងឯក។
អតីតអ្នកចាត់ការ Barcelona រូបនេះ បានបញ្ជាក់ថា៖ “ទីនេះគឺអង់គ្លេស មានក្រុមល្អៗជាច្រើន។ ខ្ញុំមើលឃើញថា Liverpool, Chelsea និង Man United សុទ្ធតែល្អរដូវកាលនេះ ពួកគេនឹងផ្ដល់ភាពពិបាកដល់ក្រុមរបស់យើងច្រើន។ បំភ្លេចការចំណាយនៅរដូវកាលនេះ ពួកគេបានកសាងក្រុមដ៏ល្អមួយរួចទៅហើយនៅ រដូវកាលមុន”។
សូមរំលឹកថា Man City ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសរដូវកាលមុន ដោយជាប់កំណត់ត្រាជាក្រុមរកបាន១០០ពិន្ទុ នឹងស៊ុតបាន១០៦គ្រាប់៕ប្រភព៖ DailyMail