មួយ​គ្រាប់​យប់​មិញ ជា​គ្រាប់​បាល់​ទី ២៥០ ​របស់​អតីត​ក្មេង​ដែល Arsenal បាន​បោះបង់

Harry Kane បាន​បំប៉ោង​សំណាញ់​ទី​ទល់​អតីត​ក្រុម​ចាស់​កាល​នៅ​ជា​យុវជន​របស់​ខ្លួន​នោះ​គឺ Arsenal សម្រាប់​ប្រកួត​យក​ឈ្នះ ២-០ កាល​ពី​យប់​មិញ។

វា​គឺ​ជា​គ្រាប់​បាល់​ទី ២៥០ ហើយ​របស់ Kane ក្នុង​អាជីព​បាល់ទាត់​មួយ​នេះ ដោយ​មាន ២០២ គ្រាប់​ការ​លេង​ឲ្យ Spurs ៣២ គ្រាប់​នៅ​ជម្រើស​ជាតិ​អង់គ្លេស ៩ គ្រាប់​នៅ Millwall ៥ គ្រាប់​នៅ Leyton Orient និង ២ គ្រាប់​នៅ Leicester ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ទី ១០០ ដែរ​សម្រាប់​ការ​លេង​ក្នុង​ទឹកដី​ម្ចាស់ផ្ទះ​របស់​ក្លឹប Tottenham។

បញ្ជាក់​ថា Kane ធ្លាប់​ជា​អតីត​យុវជន​ដែល Arsenal បាន​បោះបង់ ព្រោះ​កាល​នោះ​គេ​មាន​រូបរាង​ធាត់​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​កាំភ្លើង​ធំ​គិត​ថា​មិន​អាច​អភិវឌ្ឍ​គេ​ទៅ​ថ្ងៃ​ខាង​មុខ​បាន ប៉ុន្តែ​ជាក់ស្តែង​នៅ​ពេល​នេះ Kane កំពុង​បង្ហាញ​ថា​គេ​ជា​កីឡាករ​លេចធ្លោ​មួយ​រូប​នៅ​ក្របខ័ណ្ឌ Premier League។

Kane ក៏​ជា​ចំណែក​ដ៏​សំខាន់​ដែល​ទាញ​ឲ្យ Spurs ឡើង​មក​ឈរ​កំពូល​តារាង​នៅ Premier League រដូវ​កាល ២០២០/២១ ហើយ​វា​ជា​ការ​បោះ​ជំហាន​សម្រាប់​ពាន​រង្វាន់​ដំបូង​ដែល​គេ​អាច​នឹង​ទទួល​បាន​ក្នុង​អាជីព​រយៈ​ពេល​ជា​ច្រើន​មក​នេះ៕

ប្រភព៖ OptaJoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT