មេ​ធំ AC Milan ថា​ឲ្យ​តែ Zlatan ហា​មាត់ ខាង​ក្លឹប​មិន​ប្រកែក​ទេ​រឿង​ហ្នឹង!

ក្លឹប AC Milan ​បច្ចុប្បន្ន​មិន​ទាន់​ជជែក​រឿង​ចរចា​កុងត្រា​ថ្មី​ជាមួយ​ Zlatan Ibrahimovic នោះ​ទេ ប៉ុន្តែ​ក្លឹប​ក៏​មាន​គម្រោង​រួច​ហើយ​ដែរ ដោយ​ស៊ីសង​រង់ចាំ​ពេលវេលា​ល្អ និង​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន​តែ​ប៉ុណ្ណោះ។

ខ្ញី​ចាស់​វ័យ ៣៩ នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ ដោយ​រដូវ​កាល ២០២០/២១ សម្រាប់ ១០ ប្រកួត​គេ​រក​បាន ១១ គ្រាប់​និង Assist ២ លើក​ទៅ​ហើយ។ កុងត្រា​របស់ Zlatan មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២១។

ពាក់ព័ន្ធ​នឹង​រឿង​នេះ នាយក​ចាត់ចែង​ផ្នែក​កីឡា​របស់​ក្លឹប AC Milan គឺ​លោក Ricky Massara បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ “យើង​មិន​ទាន់​បាន​និយាយ​គ្នា​អំពី​រឿង​ហ្នឹង​ទេ [រឿង​បន្ត​កុងត្រា​ថ្មី] តែ​យើង​នឹង​ធ្វើ​នៅ​ពេលវេលា​ល្អ​មួយ ហើយ​វា​ក៏​ស៊ីសង​លើ​អារម្មណ៍​របស់​គាត់​ដែរ ថា​ចង់​ឬ​ក៏​អត់”។

លោក​បន្ថែម​ទៀត​ថ៖ “គាត់​បាន​បង្ហាញ​កន្លង​មក​ហើយ​ថា​គាត់​ចង់​នៅ​ជាមួយ Milan ខ្លាំង​ណាស់ អ៊ីចឹង​ខ្ញុំ​គិត​ថា​ក្លឹប​ក៏​នឹង​ផ្តល់​ឲ្យ​គាត់​វិញ​ច្រើន​ណាស់​ដែរ បែប​ហ្នឹង​យើង​សង្ឃឹម​ថា​គាត់​នឹង​មាន​ចិត្ត​ចង់​បន្ត​រយៈ​ពេល​យូរ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT