ក្នុងការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ AFF U-16 Championship 2018 កាលពីរាត្រីថ្ងៃសៅរ៍ ម្សិលមិញនេះ ឥណ្ឌូនេស៊ី បានឈ្នះជើងឯក ក្រោយពីពួកគេបានយកឈ្នះថៃ នៅវគ្គកាត់សេចក្តី ១១ម៉ែត្រ ( ៤-៣ ) បន្ទាប់ពីស្មើគ្នាពេញម៉ោង ១-១ ។
នេះគឺជាលើកដំបូងហើយ ដែល ឥណ្ឌូនេស៊ី ឈ្នះពានយុវជនមួយនេះ ក្នុងការបង្ហាញខ្លួន ៩លើកកន្លងមក ខណៈក្នុងនោះ ធ្លាប់រងជើងឯកម្តងគត់ កាលពីឆ្នាំ ២០១៣ ។
ក្នុងថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ី ឈ្នះ មីយ៉ាន់ម៉ា ១-០ ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ផងដែរ ។
គួរឲ្យដឹងផងដែរថា ក្នុងឆ្នាំ ២០១៨នេះ ឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតធំៗជាច្រើន ដោយកន្លងមក ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-19 ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពាន AFF U-19 ផងដែរ ដោយឈ្នះថៃ ២-១ តែក្រុមជម្រើសជាតិនារីពួកគេ ធ្លាក់ត្រឹមវគ្គជម្រុះពូលប៉ុណ្ណោះ។
ពួកគេក៏កំពុងតែធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Asian Games ផងដែរ ដោយក្នុងវិញ្ញាសារបាល់ទាត់ ឥណ្ឌូនេស៊ី ស្ថិតនៅពូល A និងជួប ឆាយនីសតៃប៉ិ ថ្ងៃនេះ ៕