ឃើញ​លេង​ល្អ​ពេក ក្លឹប Man Utd ​កំពុង​ត្រៀម​កាដូ​ពិសេស​មួយ​ឲ្យ​ Bruno ហើយ

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​កិច្ច​កុងត្រា​ផ្តល់​ជូន​ប្រាក់​ពលកម្ម​ថ្មី សម្រាប់​កីឡាករ Bruno Fernandes ​បន្ទាប់​ពី​គេ​ប្រែ​ក្លាយ​ជា​ចំណែក​ខ្វះ​ពុំ​បាន​របស់​ក្លឹប​នៅ​រយៈ​ពេល​ចុង​ក្រោយ។

កីឡាករ​ព័រទុយហ្គាល់​បាន​សម្រប​ខ្លួន​នៅ​ក្របខ័ណ្ឌ Premier League បាន​យ៉ាង​ឆាប់​រហ័ស ​រហូត​ដល់​អ្នក​គាំទ្រ​ខ្លះ​ហៅ​គេ​ថា​ជា “Ronaldo ថ្មី” នៅ Old Trafford ទៀត​ផង។ កីឡាករ​វ័យ ២៦ ឆ្នាំ ​ក្រោយ​បង្ហាញ​ខ្លួន​ឲ្យ United ៣៨ ប្រកួត ​គេ​រក​បាន​ដល់ ២២ គ្រាប់​និង Assist ១៤ លើក​ទៅ​ហើយ។

ឆ្លើយតប​នឹង​ភាព​ជោគជ័យ​នេះ ក្លឹប Man United ក៏​នឹង​ផ្តល់​ជូន​ប្រាក់​ពលកម្ម​ថ្មី​សម្រាប់ Brunoដែល​កើន​ឡើង​ ១ ទ្វេ​ជា ២ ធៀប​នឹង​ថ្លៃ​ពលកម្ម​បច្ចុប្បន្ន ពោល​គឺ​ឡើង​ពី ១០០ ០០០ ផោន/សប្ដាហ៍ ទៅ ២០០ ០០០ ផោន/សប្ដាហ៍ សម្រាប់​កុងត្រា​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៥។ នេះ​បើ​តាម​សារព័ត៌មាន The Mirror បាន​ចុះ​ផ្សាយ។

បញ្ជាក់​ថា ទំហំ​ថ្លៃ​ពលកម្ម ១០០ ០០០ ផោន ឬ​ជាង ១៣៤ ០០០ ដុល្លារ​របស់ Bruno ​សព្វថ្ងៃ​នេះ គឺ​ទាប​ខ្លាំង បើ​ធៀប​នឹង Paul Pogba ដែល​រក​បាន ៣០០ ០០០ ផោន/សប្តាហ៍ រី​ឯ David de Gea ដែល​ជា​កីឡាករ​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ គឺ​បាន​ដល់​ទៅ ៣៥០ ០០០ ផោន/សប្តាហ៍​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT