Havertz ថា​កាល​មិន​ទាន់​មក Chelsea កីឡាករ​ម្នាក់​នេះ​ផ្ញើសារ​បញ្ចុះបញ្ចូល​ខ្លួន​រាល់​ថ្ងៃ

Kai Havertz បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មិត្ត​រួម​ទ្រនំ Timo Werner បាន​ផ្ញើ​សារ​មក​ខ្លួន​ជា​រៀងរាល់​ថ្ងៃ ​ក្នុង​គោលដៅ​បញ្ចុះបញ្ចូល​ឲ្យ​គេ​ព្រម​ផ្ទេរ​មក Chelsea នៅ​ពេល​ដែល Havertz មិន​ទាន់​សម្រេច​ចិត្ត​ចាកចេញ​ពី​ទ្រនំ​ចាស់ Bayer Leverkusen។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់ Werner បាន​សម្រេច​ការ​ផ្ទេរ​មក​ចូលរួម​នៅ Stamford Bridge នា​ខែ​កក្កដា ហើយ​រហូត​មក​ទល់​កញ្ញា ទើប Havertz គេ​ព្រម​ផ្ទេរ​មក​ចូលរួម​បន្ត​ដែរ ជាមួយ​តម្លៃ​ខ្លួន ៧១ លាន​ផោន។

Havertz និយាយ​ថ្មីៗ​នេះ​ថា៖ “យើង [ខ្លួន​និង Werner] ស្គាល់​គ្នា​ច្បាស់​នៅ​ជម្រើស​ជាតិ អ៊ីចឹង​គឺ​ជួយ​បាន​ច្រើន​ណាស់ ព្រោះ​ពួក​យើង​ជា​មិត្ត​នឹង​គ្នា​យូរ​ណាស់​មក​ហើយ ហើយ​ក្រោយ​ទទួល​បាន​ដំណឹង​ថា Werner គាត់​ប្តូរ​ក្លឹប យើង​បាន​ផ្ញើសារ​ជជែក​គ្នា​រាល់​ថ្ងៃ”។

លោក​បន្ថែម៖ “គាត់​តែងតែ​និយាយ​មក​ខ្ញុំ​ថា មក​ចូលរួម​នៅ Chelsea មក គឺ​និយាយ​បែប​ហ្នឹង​រៀងរាល់​ថ្ងៃ ជាក់ស្តែង​ទៅ​វា​ងាយ​សម្រាប់​ខ្ញុំ​ដែរ ការ​ដែល​មាន​កីឡាករ​អាច​និយាយ​ភាសា​អាល្លឺម៉ង់​នៅ​ទី​នេះ​បាន ដោយ​យើង​មាន​ដូច​ជា Timo, Toni Rudiger, Pulisic និង Kovacic ដែល​ពួក​គេ​អាច​និយាយ​ភាសា​អាល្លឺម៉ង់ ហើយ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​ក៏​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ផង​ដែរ”៕ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT