Di Natale៖ “Cristiano គាត់​នឹង​នៅ​តែ​អាច​រក​គ្រាប់​បាល់ កុំ​ថា​ឡើយ​ដល់​អាយុ ៤០ ឆ្នាំ”

Antonio di Natale ​គឺ​ជា​អតីត​កីឡាករ​មួយ​រូប​នៅ Serie A ដែល​លោក​បាន​បញ្ចប់​អាជីព​បាល់ទាត់​នៅ​អាយុ ៣៩ ឆ្នាំ ជាមួយ​ក្លឹប​ចុង​ក្រោយ Udinese។ ថ្មីៗ​នេះ​លោក​បាន​និយាយ​អំពី Cristiano Ronaldo ដោយ​ជឿជាក់​ថា CR7 នឹង​នៅ​តែ​ធ្វើ​បាន​ល្អ ទោះ​វ័យ​ចំណាស់​ដល់​ចូល ៤០ ក៏​ដោយ។

ប្រាប់​សារព័ត៌មាន Marca បុរស​វ័យ ៤៣ ឆ្នាំ​និយាយ៖ “Ronaldo និង Messi បាន​រក​គ្រាប់​បាល់​ច្រើន​ជាង​នរណា​ទាំង​អស់ ហើយ​នៅ​អ៊ីតាលី​នេះ​វិញ គាត់​នៅ​តែ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​គាត់​អាច​ធ្វើ​បាន​ដូច​នៅ Real Madrid និង​នៅ Premier League ​អ៊ីចឹង ពោល​គឺ​គ្រប់​កន្លែង​ទាំង​អស់”។

លោក​បន្ថែម​ទៀត​ថា៖ “គាត់​អាច​ធានា​គ្រាប់​បាល់​ចន្លោះ​ពី ៣០ ទៅ ៣៥ គ្រាប់/រដូវ​កាល​បាន ព្រោះ​គាត់​ខិតខំ​ហ្វឹកហាត់ គាត់​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ និង​កុំ​ថា​ឡើយ​ដល់​គាត់​អាយុ ៤០ ឆ្នាំ ក៏​គាត់​នៅ​តែ​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ដែរ”។

បញ្ជាក់​ថា​ក្រៅ​ពី​សរសើរ​ដល់​កីឡាករ​ព័រទុយហ្គាល់ លោក Natale ក៏​ឆ្លៀត​សរសើរ​ដល់​ខ្ញី​ចាស់​មួយ​រូប​ផ្សេង​ទៀត​នោះ​គឺ Zlatan Ibrahimovic ដែល​នៅ​អាយុ ៣៩ ឆ្នាំ​ទៅ​ហើយ​ កំពុង​ជួយ​ឲ្យ​ក្លឹប AC Milan ឈរ​នៅ​កំពូល​តារាង Serie A៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT