ចង់​បាន​យូរ​ហើយ! ឈុត​ថ្មី​របស់ CFA ចេញ​លក់​តែ​ប៉ុន្មាន​ម៉ោង ដាច់​ដល់​ ១០០ ឈុត

នៅ​ថ្ងៃ​សោរ៍ ទី ៥ ធ្នូ ឆ្នាំ ២០២០ ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ឬ​ហៅ​កាត់ CFA ​បាន​ប្រកាស​ដាក់​លក់​ជា​លើក​ដំបូង​នូវ​ឈុត​កីឡា​ថ្មី​នៃ​ក្រុម​របស់​ខ្លួន ហើយ​ជា​លទ្ធផល​ហាក់​ទទួល​បាន​ផ្លែផ្កា​នឹកស្មានមិនដល់។

ត្រឹម​តែ​រយៈ​ពេល ៨ ម៉ោង​ដំបូង ឈុត​ថ្មី​របស់​ក្រុម​បាល់ទាត់​ដែល​មាន​អាយុ​កាល​ជាង ១ ឆ្នាំ​មួយ​នេះ លក់​ដាច់​ដល់​ទៅ ១០០ ឈុត​ឯ​ណោះ។ តាម​ការ​បង្ហើប​ពី​អ្នក​តំណាង​ក្រុម CFA លោក អៃ សំអូន បាន​ឲ្យ​ដឹង​ថា៖ “ការ​ដាក់​លក់​នេះ​គឺ​ធ្វើ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​សំណូមពរ​របស់​ក្រុម​អ្នក​គាំទ្រ ដែល​មាន​ច្រើន​គ្នា​ណាស់​ចង់​បាន​ឈុត CFA តាំង​ពី​ជំនាន់​ឈុត​ចាស់​ឆ្នាំ​ទៅ​មក​ម្ល៉េះ”។

លោក​បន្ត​ទៀត​ថា៖ “ប៉ុន្តែ​សម្រាប់​ឈុត​ថ្មី​នេះ CFA បើក​ឲ្យ​បញ្ជា​ទិញ​ត្រឹម ១០០ ឈុត​ប៉ុណ្ណោះ ហើយ​សម្រាប់​អ្នក​គាំទ្រ​ដែល​ចង់​បាន ​អាច​រង់ចាំ​នៅ​ការ​ចេញ​លក់​ពេល​ក្រោយ​ៗទៀត​។ អ្វី​ដែល​ពិសេស​ក្រៅ​ពី​ទទួល​បាន​ឈុត​កីឡា​ដ៏​ស្រស់​ស្អាត ចំពោះ​ថវិកា​ដែល​ចំណាយ​លើ​ឈុត​នោះ ក៏​នឹង​ក្លាយ​ជា​ចំណែក​ចូលរួម​ក្នុង​ការងារ​សប្បុរសធម៌​ជាមួយ​ក្រុម CFA នៅ​ពេល​ខាង​មុខ​ផង​ដែរ”។

បញ្ជាក់​ថា ឈុត​ថ្មី​របស់ CFA សម្រាប់​ឆ្នាំ ២០២១ គឺ​មាន​ពណ៌​ស ហើយពណ៌ក្រហម លឿង សម្រាប់អ្នកចាំទីឈុត A&B លាយ​ផ្ទៃ​ឆ្នូត​ពណ៌​ខៀវ​ស្រាល អម​នឹង Logo ដ៏​ស្រស់​ស្អាត​របស់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ល្បី​ឈ្មោះ​ 2MBET។ ចំពោះ​តម្លៃ​ក៏​ធូរ​ថ្លៃ​ត្រឹម​តែ ៤៤ ០០០ រៀល ហើយ​បង​ប្អូន​អាច​ដាក់​ឈ្មោះ និង​លេខ​ដែល​ខ្លួន​ស្រលាញ់​បាន​ទៀត​ផង៕​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT