សមាគមបាល់ទាត់​ម៉ាឡេស៊ីស្នើសុំរដ្ឋាភិបាល​អនុញ្ញាតិឲ្យក្រុមជម្រើស​ជាតិ​បាន​ហ្វឹកហាត់

សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) កំពុងធ្វើការស្នើសុំពី​រដ្ឋាភិបាល ដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានធ្វ់ការ​ហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិដែល​ខកខាន​អស់​ពេល​ជាយូរ​មក​ហើយ​នោះ។

អគ្គលេខាធិការសមាគមបាល់​ទាត់​ម៉ាឡេស៊ី គឺលោក Stuart Ramalingam បាននិយាយថាសមាគមកំពុងរៀបចំនិងគ្រប់គ្រងបញ្ហាជាច្រើនទាក់ទងនឹងការ​ហ្វឹកហាត់​របស់​ក្រុមជម្រើស​ជាតិ​ដែលនឹងត្រូវធ្វើឡើងនៅខែមករានេះ។

FAM

លោក​បាន​និយាយ​ថា៖” កាលពីមុនយើងបានគ្រោងនឹងធ្វើការបោះ​ជុំរំហ្វឹកហាត់ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ម៉ាឡេស៊ីបញ្ចប់​ ប៉ុន្តែជាមួយនឹងការពន្យាពេលនៃលីគនិងព្រឹត្តិការណ៍ Malaysia Cup (ក្រោយមកត្រូវបានលុបចោល) អ្វីៗទាំងអស់មិនអាចកើតឡើងបានទេ”។

“ប៉ុន្តែយើងកំពុងពិភាក្សាអំពី​ការបោះជំរុំហ្វឹកហាត់មុនខែមីនា ដើម្បីផ្តល់ឱកាសដល់គ្រូបង្វឹកនិងជាមួយកីឡាករជួប​គ្នាជាថ្មី​ បន្ទាប់​ពីមិនបានហ្វឹកហាត់អស់ជាងមួយឆ្នាំ” ។

FAM

លោក Stuart បានបន្ថែមថាសមាគមបាល់ទាត់​ម៉ាឡេស៊ី អាចឈានដល់កិច្ចព្រមព្រៀងជាមួយគណៈកម្មការរៀបចំការប្រកួតលីកបាល់ទាត់ម៉ាឡេស៊ី (MFL) ដែលក្រុមជម្រើស​ជាតិក៏ត្រូវបានផ្តល់ភាពបត់បែនផងដែរដើម្បីទទួលការបណ្តុះបណ្តាល។

កីឡាករជម្រើសជាតិមិនបានឆ្លងកាត់ការហ្វឹកហាត់ណាមួយនៅឆ្នាំនេះទេ បន្ទាប់ពីប្រទេសនេះរងការវាយប្រហារដោយជំងឺរាតត្បាតកូវីដ១៩ ដែលបណ្តាលឱ្យរាំងស្ទះដល់ដំណើរការនៃលីគកំពូលម៉ាឡេស៊ី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT