សហព័ន្ធហាប់គីដូ នៅតែបន្តការខិតខំ ទោះក្រសួងមិនទាន់ទទួលស្គាល់

អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក គង់ ចាន់ធីណា លើកឡើងថា សហព័ន្ធនៅតែបន្តការខិតខំអភិវឌ្ឍន៍ជាប្រចាំ បើទោះបីជាក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ទទួលស្គាល់ព្រមជាមួយនឹងការផ្តល់ថវិកាគាំទ្រជាតិ ក្នុងការការប្រកួតជើងឯក រដ្ឋបាល និងវគ្គបណ្តុះបណ្តាលដូចបណ្តាសហព័ន្ធកីឡាជាតិដទៃទៀតក៏ដោយ។

ទោះបីជាមិនទាន់ទទួលស្គាល់ជាផ្លូវការ និងទទួលបានថវិកាគាំទ្របែបនេះក្តី ក៏លោកមិនបង្ហាញឱ្យឃើញនូវការអាក់ចិត្តឡើយ ប៉ុន្តែផ្ទុយទៅវិញអគ្គលេខាធិការ និងជាគ្រូបង្វិកជំនាញកីឡានេះផងដែរនៅតែមានឆន្ទៈ និងគោលការណ៍បណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីក្មេងៗជំនាន់ក្រោយឱ្យកាន់តែសម្បូរបែប ដើម្បីបន្តដំណើរការអភិវឌ្ឍឱ្យកាន់តែប្រសើរ ខណៈនៅក្នុងឆ្នាំ២០២០នេះ សហព័ន្ធកីឡាហាប់គីដូកម្ពុជា គ្រោងនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិជាលើកដំបូងរបស់ខ្លួន ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឱ្យគម្រោងការប្រកួតនេះ ត្រូវបានពន្យាពេលជាបន្តបន្ទាប់។

លោក គង់ ចាន់ទីណា បញ្ជាក់ទៀតថា ប្រភេទកីឡាហាប់គីដូមានប្រភពដើមចេញមកពីប្រទេសកូរ៉េខាងត្បូង ហើយរហូតដល់បច្ចុប្បន្នទទួលបានការគាំទ្រពីសំណាក់យុវជនកម្ពុជា និងបានបញ្ជ្រាបផ្សព្វ ផ្សាយចូលក្នុងអង្គភាពកងកម្លាំងជាច្រើន។ ជាមួយគ្នានោះ លោក ក៏ដូចជាថ្នាក់ដឹកនាំ ដែលមានឯកឧត្តម ម៉ក់ សំអល់ ជាប្រធានសហព័ន្ធកីឡាហាប់គីដូ តែងតែបណ្តុះស្មារតីឱ្យសមាជិកប្រតិបត្តិសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីខិតខំដុះខាត់សមត្ថភាពឱ្យកាន់តែខ្លាំងក្លាយ ដើម្បីលើកកម្ពស់ប្រភេទកីឡាមួយនេះឱ្យមានការរីកចម្រើន និងអាចទទួលស្គាល់ជាផ្លូវការ ពីអាជ្ញាធរកីឡា នាពេលអនាគត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT