ផ្លូវការ! ជារី ចន្ថាប៊ីន ចូលរួមជាមួយវិសាខា

ទីបំផុតខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ជារី ចន្ថាប៊ីន បានត្រឡប់មកប្រកបអាជីព ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាម្ដងទៀត ដោយចូលរួមជាមួយក្រុមវិសាខា បន្ទាប់ពីចែកផ្លូវជាមួយក្លិប Perak FC នៃលីគកំពូលម៉ាឡេស៊ី ដែលទទួលបានប្រាក់ខែខ្ទង់ម៉ឺនដុល្លារ កាលពីពេលថ្មីៗ ។ នេះបើតាមការប្រកាសរបស់ក្លិបវិសាខាមុននេះបន្ដិច ។

នេះគឺជាលើកទី៣ ហើយក៏ជាក្លិបទី៣ ផងដែរ ដែល ជារី ចន្ថាប៊ីន បានលេងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា បន្ទាប់ពីរូបគេធ្លាប់ចំណាយពេល ៥ឆ្នាំជាមួយក្លិបភ្នំពេញក្រោន កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ និងចំណាយពេលកន្លះរដូវកាលជាមួយក្លិបអគ្គិសនីកម្ពុជា កាលពីឆ្នាំ២០១៧ មុនខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ ចូលរួមជាមួយវិសាខា នារដូវកាលក្រោយ ។

ជារី ចន្ថាប៊ីន គឺជាកីឡាករចំណូលថ្មីទី២ ដែលក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានប្រកាសថ្ងៃនេះ បន្ទាប់ពីបង្ហាញអ្នកចាំទីដ៏មានបទពិសោធន៍ អោម ឧត្តម ដែលផ្ទេរមកពីក្លិបព្រះខ័នរាជស្វាយរៀង ក្រោមលក្ខខណ្ឌខ្ចីជើង កាលពីព្រឹកមិញ ដើម្បីត្រៀមរដូវកាលថ្មី ទាំងលីគកំពូលកម្ពុជា ពានសម្ដេចតេជោ ហ៊ុន សែន និងវគ្គជម្រុះពាន AFC Cup 2021 ។

គួរដឹងថា មុនចូលរួមជាមួយក្រុមសេះជំទង់វិសាខា អតីតសមាជិកក្រុមជម្រើសជាតិយុវជន U17 បារាំងរូបនេះ បានចំណាយពេល ៣ឆ្នាំ នៅលីគកំពូលម៉ាឡេស៊ី រួមមានលេងឲ្យក្លិប Terengganu FC ២រដូវកាល ដោយជួយក្រុមទទួលបានលេខ៥ ក្នុងឆ្នាំ២០១៨ និងលេខ ៧ ក្នុងឆ្នាំ២០១៩ ។ រីឯឆ្នាំ២០២០ ជារី បានលេងឲ្យក្លិប Perak FC ដោយជួយក្រុមនេះ ទទួលបានចំណាត់ថ្នាក់លេខ៤ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT