Ronaldo ប្រាប់​មូលហេតុ​ដែល Maradona ​ពាក់​នាឡិកា​នៅ​ដៃ​ទាំង​សង​ខាង​

ក្រោយ​ការ​ទទួល​មរណភាព​របស់​អតីត​វីរបុរស​លោក Diego Maradona ក្រឡេក​ទៅ​ជើង​ចាស់ Ronaldo Nazario បាន​និយាយ​ពី​រឿងរ៉ាវ​គួរ​ឲ្យ​គោរព​មួយ ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​ Maradona ​មាន​ពាក់​នាឡិកា​នៅ​ដៃ​ទាំង​សងខាង។

អ្នក​គាំទ្រ​ខ្លះ​ប្រហែលជាគិតថា Maradona ពាក់ម្តងពីរបែបនោះ ដើម្បីទុក​មើល​ម៉ោង​នៅ​ប្រទេស​ឬ​តំបន់ ២ ផ្សេង​គ្នា ប៉ុន្តែ​ការ​ពិត​គឺ​មិន​ដូច្នោះ​ទេ។

រឿង​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Real Madrid បែប​នេះ​ថា៖ “ខ្ញុំ​សួរ​ Maradona ហេតុអ្វី គាត់​ពាក់​នាឡិកា​នៅ​ដៃ​ទាំង​ពីរ ហើយ​គាត់​និយាយ​មក​វិញ នោះ​ក៏​ដោយសារ​តែ​វា​ជា​អំណោយ​របស់​កូន​ស្រី​គាត់ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​គាត់​ពាក់​មិន​ដែល​ដោះ​នោះ​ទេ”។

Ronaldo បន្ត​ទៀត​ថា៖ “នៅ​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​គាត់​រួច គាត់​ក៏​បាន​ដោះ​នាឡិកា​ពី​ដៃ​ម្ខាង​មក​ឲ្យ​ខ្ញុំ ថា​ចាត់​ទុក​ជា​កាដូ​មក​ឲ្យ​ខ្ញុំ​វិញ ដំបូង​ខ្ញុំ​មិន​ចង់​ទទួល​យក​នោះ​ទេ តែ​បើ​ខ្ញុំ​មិន​យក គាត់​នឹង​ខឹង​ខ្ញុំ​ហើយ”។

“អ៊ីចឹង​មក​ទល់​ពេល​នេះ ខ្ញុំ​នឹង​មើលថែ​នាឡិកា​នេះ​ឲ្យ​បាន​ល្អ​រៀង​រហូត​ទៅ ហើយ​វា​ក៏​ជា​ការ​ចងចាំ​សម្រាប់​ទឹកចិត្ត​របស់​គាត់ ក៏​ដូច​ជា​មិត្តភាព​រវាង​យើង​ទាំង​ពីរ”។

បញ្ជាក់​ថា ទាំង Ronaldo Nazario និង​ Diego Maradona សុទ្ធ​​តែ​​ស្ថិត​ក្នុង​បញ្ជី​កំណត់ត្រា​កីឡាករ​ មាន​តម្លៃ​ផ្ទេរ​ចេញខ្ពស់​បំផុត តួ​យ៉ាង​ដូច​ជា Maradona ធ្លាប់​មាន​តម្លៃ​ផ្ទេរ ចេញ ១២ លាន​អឺរ៉ូ នៅ​ឆ្នាំ ១៩៨៤ ហើយ Ronaldo ​កាល​ពី​ឆ្នាំ ១៩៩៧ ​មាន​តម្លៃ​ផ្ទេរចេញ ២៨ លាន​អឺរ៉ូ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT