ក្រុម Chelsea បានយកឈ្នះលើក្រុម Huddersfield ៣-០ ដើម្បីយក៣ពិន្ទុបើករដូវកាលថ្មីពានរង្វាន់ English Premier League កាលពីយប់មិញនេះ។
Chelsea ពិតជាលេងបានល្អមែនក្នុងការប្រកួតបើកឆាកនេះ ដោយអាចរកបាន១គ្រាប់មុនដំបូងពីសំណាក់កីឡាករ Kante ក្រោយទទួលបានបាល់ពី Willian នៅនាទី៣៤។ នៅចុងតង់ទី១នេះទៀតសោត ពួកគេអាចរកបាន១គ្រាប់ទៀត ដោយ Jorginho ទាត់បាល់ប៉េណាល់ទីបានសម្រេចនៅនាទី៤៥។
ការប្រកួតកាន់តែក្ដៅគគុកថែមទៀត ក្រោយពីក្រុម Chelsea នាំមុខ២គ្រាប់នេះ Huddersfield ព្យាយាមប្រយុទ្ធឡើងវិញដើម្បីរកគ្រាប់។ ផ្ទុយទៅវិញការសម្រុកទៅមិនមានប្រសិទ្ធភាពឡើយ តែបែរជាត្រូវ Chelsea ថែមគ្រាប់ទី៣ ដោយធ្វើសម្រេចពី Pedro ឯណោះ។ ចប់ការប្រកួត Huddersfield ០-៣ Chelsea ។
លោក Sarri អ្នកចាត់ការក្រុម Chelsea ថ្មី បាននិយាយក្រោយចប់ការប្រកួតនេះថា៖ “បើយើងមើលលទ្ធផល អាចនិយាយបានថាយើងឈ្នះស្រួល ប៉ុន្តែជាក់ស្ដែងទៅ ការប្រកួតនេះមិនស្រួលនោះទេ។ ក្រុមគេពិតជាមានកាយសម្បទាខ្លាំងជាងយើង ដែលធ្វើឱ្យយើងពិបាកនៅពេលចាប់ផ្ដើម។ នេះគ្រាន់តែប្រកួតទី១ យើងនៅមានរឿងច្រើនទៀតត្រូវធ្វើ”៕ប្រភព៖ DailyMail