បន្ទាប់ពីណាហ្គាវើល បានយកឈ្នះវេស្ទើនភ្នំពេញ ៣ ទល់នឹង ០ កាលពីម្សិលមិញ បាននាំឲ្យគេ ឡើងឈរកំពូលតារាងលីគបណ្តោះអាសន្ន រង់ចាំអ៊ុតលទ្ធផល បឹងកេត ទល់នឹង វិសាខា នៅល្ងាចនេះ ដែលក្រុមទាំងពីរ នឹងជួបគ្នានៅពហុកីឡដ្ឋានជាតិ ។
កាលពីជើងទីមួយ ក្រុមទាំងពីរ បានចែកគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះចំពោះលទ្ធផល ១-១ គ្រាដែលកាលនោះប្រកួតនៅកីឡដ្ឋានវេស្ទើន ដែលផ្ទុកអ្នកទស្សនាបានចំនួនតិចបំផុត ។
ពិតណាស់ក្រុមបឹងកេត ត្រូវការឈ្នះដាច់ខាតដើម្បីរក្សាកៅអីកំពូលរបស់ខ្លួន ពោលគឺក្រោយពីពួកគេបានអស់ឱកាសលេង Hun Sen Cup ដែលចាញ់ណាហ្គាវើល កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅនេះ ។
យ៉ាងណាក្តី ការយកឈ្នះវិសាខា មិនមែនជារឿងងាយស្រួលនោះឡើយ គ្រាដែលពួកគេ កំពុងតែកាន់កំណត់ត្រាមិនចាញ់ ៩ប្រកួតជាប់គ្នា ក្នុងនោះ ៦ប្រកួតចុងក្រោយឈ្នះរហូត ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក៏មានការប្រកួត២គូផ្សេងទៀត រួមមាន សូលទីឡូអង្គរ ជួបក្រសួងការពារជាតិ និង អគ្គិសនីកម្ពុជា ជួបភ្នំពេញក្រោន ៕