Nacho Fernandez នៅរដូវកាល ២០២០/២១ ទើបតែឈរជើងបាន ៤៩៣ នាទីប៉ុណ្ណោះលើទីលាន តាមរយៈការបង្ហាញខ្លួន ៦ លើក ហើយ Assist បាន ១។ កុងត្រារបស់គេនឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ឯណោះ ប៉ុន្តែគិតមកទល់ពេលនេះសាមីខ្លួនហាក់មិនទាន់រវីរវល់ដល់ការចាកចេញនោះឡើយ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញនៅរយៈពេលចុងក្រោយ មិនល្ហិចល្ហៀងពីការចង់ចាកចេញអ្វីនោះទេ ហើយថ្មីៗនេះគេក៏សង្កត់ធ្ងន់ប្រាប់សារព័ត៌មាន Marca ដែរថា៖ “រៀងរាល់រដូវក្តៅចូលមកដល់សំណើតែងតែមានហើយ ប៉ុន្តែខ្ញុំរីករាយសម្រាប់ការឈរជើងនៅទីនេះ ពិតណាស់ខ្ញុំចង់លេងបានច្រើនជាងនេះ តែក្តីស្រមៃរបស់ខ្ញុំគឺចង់លេងឲ្យក្រុម Real Madrid”។
បញ្ជាក់ថា Nacho គឺជាអតីតយុវជនថ្នាលរបស់ Real ហើយគេដាំខ្ទឹមនៅក្លឹបយក្សអេស្ប៉ាញតាំងពីឆ្នាំ ២០០៧ ដោយបានវិវត្តមកឈុតធំនៅឆ្នាំ ២០១៣។ សរុបការបង្ហាញខ្លួន គេចូលរួម ២០៦ ប្រកួត រកបាន ១១ គ្រាប់និង Assist ៨ លើក៕ ប្រភព៖ Goal