ចាន់​ រតនា ​មាន​កន្លែង​​​ឡាំគ្នា​ថ្មី​មុន​ចេញ​ទៅ​ប្រកួត​

អ្នក​លេង​គុន​ចម្រុះ​កម្រិត​កំពូល​ ​ចាន់ រតនា ​កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE Championship ​នា​​ថ្ងៃ​ទី​ ១៨ ខែ ​ធ្នូ ​ខាង​មុខ​នៅ​ប្រទេស​សិង្ហបុរី ​បន្ទាប់​ពី​​ខកខាន​​ឡើង​សង្វៀន​​ជាង​មួយ​​ឆ្នាំ ​តាំង​ពី​ខែ សីហា​ ​ឆ្នាំ​មុន​មក។

ថ្មីៗ​នេះ ​គេ​ឃើញ ​រតនា​ ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​​​របស់​ខ្លួន​ក្នុង​គោល​​បំណង​​ដណ្ដើម​ជ័យជម្នះ​ជូន​​​កម្ពុជា​​ជា​លើក​ទី៤ ​ជាប់​នៅ​សង្វៀន​​​លំដាប់​ពិភព​លោក។ ​ទន្ទឹម​គ្នា​នោះ​ ​រតនា ​​បាន​ពង្រឹង​ក្បាច់​គុន​របស់​ខ្លួន​​ដោយ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប KIRI Jiu Jitsu ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​​ដើម​ខែ ​​កញ្ញា ​កន្លង​ទៅ។ ​តារា​គុន​ចម្រុះ​កម្ពុជា​ហាត់​នៅ​ក្លិប​នេះ​រហូត​ ឬ ​យ៉ាង​ណា? ​​​​

លោកLorenzo គ្រូ​បង្វឹក​​ រតនា ​បាន​ឲ្យ​ដឹង​​​​បែប​នេះ ​៖«​​ការ​ហ្វឹកហាត់​​នៅ​ក្លិប​ KIRI ​គឺ​សម្រាប់​​តែ​ពេល​​សម​​ការ​ប្រកួត​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ជំនាញ​ជឺជិតស៊ូ​ ​និង MMA ​ច្រើន។ ​ពួក​យើង​ទៅ​​ហាត់​ ឬ ​ឡាំ​គ្នា​​​នៅ​ក្លិប​នោះ​​ប្រមាណ​ ២ ​ដង​ក្នុង​មួយ​សប្ដាហ៍​។ ​​ប៉ុន្តែ​ បើ​ការ​ហ្វឹកហាត់​ផ្សេង​ៗ​ដូច​ជា​​ហាត់​កម្លាំង​​ និង​​ភាព​អំណត់​​​​ គឺ ​ហ្វឹកហាត់​នៅ​​ក្លិប​​ LLFitness ​​ទីតាំង​នៅ​ផាកវ៉េ​ដដែល»។ ​

នា​ពេល​កន្លង​ទៅ​ ​​ម្ចាស់​ក្លិប​​«សិល្បៈ​» ​​​បាន​​រៀប​រាប់​អំពី​ការ​​តាំង​ចិត្ត​បែប​នេះ​ ៖«​​ខ្ញុំ​នៅ​ហាត់​ខ្លួន​ឯង​​​​ជា​ប្រចាំ​ដែរ​​ មិន​សម្រាក​ទេ​ទោះ​​​​ក្នុង​អំឡុង​​កូវីដ-១៩​ក៏​ដោយ។ ​ប៉ុន្តែ​យើង​ត្រូវ​ការពារ​ខ្លួន​និង​ថែ​រក្សា​អនាម័យ​​ឲ្យ​បាន​ល្អ។ ​ខ្ញុំ​ហាត់​ខ្លួន​ឯង​​ដើម្បី​ឲ្យ​កម្លាំង​ល្អ​​ឡើង​។ ​ក្រៅ​ពី​នោះ ​​​អ្វី​ដែល​ត្រូវ​​ហាត់​ជា​​ពិសេស​ជាង​គេ​ក្នុង​ពេល​កូវីដ-១៩ ​គឺ​ហាត់​រក្សា​កម្លាំង​ឲ្យ​​ល្អ ​​​ជា​លោក Lorezo ហើយ​​ស្នៀត​​​នានា​​ចាំ​​អនុវត្ត​​តាម​ក្រោយ»។

នៅ​ថ្ងៃ​ទី ១៨ ​ធ្នូ ​ខាង​មុខ​ ​រតនា ​ត្រូវ​ប្រឈម​នឹង​កីឡាករ​​ចិន​ Xie Wei  ​​ក្នុង​ការ​ប្រកួត​លើក​ទី១១ ​នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ ​​សង្កត់​ធ្ងន់​ថា ៖«​ទោះ​មិន​បាន​ឡើង​ប្រកួត​ជាង​​មួយ​ឆ្នាំ ​ប៉ុន្តែ ​ក្នុង​​នាម​កីឡាករ​អាជីព​ ​រតនា ​​បាន​ខំ​ប្រឹង​​​ហ្វឹកហាត់​ត្រៀម​ខ្លាំងក្លា​ ​ហើយ​រង់​ចាំ​ការ​ប្រកួត​យ៉ាង​អន្ទះសា​​បំផុត»។

​​គួរ​រំលឹក​បន្តិច​ថា​ ​​ជើង​ខ្លាំង​ ​ចាន់ រតនា​ ​​ដែល​ជា​កីឡាករ​គុន​ចម្រុះ​​លំដាប់​អន្តរជាតិ​​ប្រចាំ​សង្វៀន​​ ONE ​​​​បាន​​​​​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​​នៃ​ក្រុមហ៊ុន​​​សែលកាត​​​​កាល​​ពី​ដើម​ខែ ​សីហា ​​​កន្លង​ទៅ​​ក្នុង​​​ក្នុង​កិច្ច​សន្យា​ពីរ​ឆ្នាំ​។ ​រតនា ​​មាន​ការងារ​ជា​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​​គុន​ខ្មែរ​​ទៅ​កាន់​ឆាក​អន្តរជាតិ និង​​រួម​ចំណែក​បណ្ដុះ​ស្មារតី​ឲ្យ​​យុវជន​ជំនាន់​ក្រោយ​ស្រលាញ់​ក្បាច់​គុន​​និង​​ចង់​ក្លាយ​ជា​កីឡាករ​អាជីព​ជា​ដើម។
​​​
ក្នុង​ពិភព​​គុន​ចម្រុះ​តំណាង​ឲ្យ​​ព្រះរាជាណា​ចក្រ​កម្ពុជា​ ​ចាន់ ​រតនា ​​ជា​កីឡាករ​ម្នាក់​ដែល​ក្រាញ​ននៀល​​ក្នុង​ការ​​ហ្វឹកហាត់​​និង​ប្រកួត​ ​ទោះ​​​ខ្លួន​មាន​ភារកិច្ច​បង្ហាត់​​កូន​សិស្ស​​នៅ​ក្លិប ​«សិល្បៈ»​ ​របស់​ខ្លួន​ក៏​ដោយ។ ​រូប​គេ​បាន​ត្រៀម​ខ្លួន​ជា​ប្រចាំ​​ ១០០% ​​​និង​រង់​ចាំ​​ការ​ឡើង​សង្វៀន​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ​កីឡាករ​វ័យ​ ៣៥​ ឆ្នាំ​រូប​នេះ​​មាន​កំណត់​​ប្រកួត​គុន​ចម្រុះ​បាន​ ១០ ​លើក ​ក្នុង​នោះ ​ឈ្នះ ​រហូត​ដល់ ៧ ដង ​និង​ចាញ់ ៣​ដង។ ​គេ​ជា​​​កីឡាករ​ដំបូង​របស់​កម្ពុជា​ដែល​ឈ្នះ​ឈ្នះ​៣លើក​ជាប់​គ្នា​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE ​ Championship ដូច​ជា​ ​​ឈ្នះ​ Abrou Fernandes ​​​​,​ Rudy Agustian និង Gustavo Balart​ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​នា​ខែ សីហា ឆ្នាំ ២០១៩៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT