(វីដេអូ) ប្រយុទ្ធ​ជួរ​មុខ​ចែក​គ្នា​ម្នាក់​មួយ​គ្រាប់ ជួយ Barcelona យក​ឈ្នះ Osasuna ៤-០

នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Camp Nou សម្រាប់​ជុំ​ទី ៩ នៅ​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ក្លឹប Barcelona បាន​ទទួល​ជ័យជម្នះ​ដោយ​យក​ឈ្នះ​ទៅ​លើ​ក្លឹប Osasuna ក្រោម​លទ្ធផល ៤-០។

បើ​ទោះ​បី​ជា​ឈុត ១១ រូប​របស់​អ្នក​មាន​បុណ្យ​ហាក់​មើល​ទៅ​មិន​សូវ​ជា​ពេញជើង​ក៏​ពិត​មែន តែ​ក្រុម​នៅ​តែ​មាន​ឱកាស​វាយ​សម្រុក​ច្រើន​ទៅ​លើ​ក្រុម​ភ្ញៀវ ពោល​គឺ​យប់​មិញ​នេះ Barca លេង​ល្អ​ខ្លាំង ដោយ​ស៊ុត​ចេញ ២០ លើក​ចំ​គោលដៅ ១១ លើក ហើយ​មាន​អត្រា​បញ្ជូន​បាល់​ជោគជ័យ​ដល់​ទៅ ៩១ ភាគរយ នៅ​ការ​ប៉ះ ៨១១ លើក។

ខ្សែ​ប្រយុទ្ធ Martin Braithwaite ត្រូវ​បាន​ប្រើប្រាស់​សារ​ជា​ថ្មី ហើយ​គេ​ក៏​រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី ២៩ មុន​ពេល Antoine Griezmann ​រក​បាន​គ្រាប់​បាល់​ទី ២ នៅ​នាទី ៤២។ ឈាន​ចូល​ដល់​វគ្គ​ទី​ពីរ Philippe Coutinho ក៏​រក​បាន​មួយ​គ្រាប់​ទៀត ហើយ Lionel Messi ជា​អ្នក​បិទ​គ្រាប់​បាល់​ទី​បួន​នៅ​នាទី ៧៣។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា ជាមួយ ៣ ពិន្ទុ​ដែល​យក​បាន រុញ​ឲ្យ Barcelona រំកិល​ឡើង​មក​ឈរ​នៅ​លេខ ៧ មាន ១៤ ពិន្ទុ ដែល​នៅ​ចាញ់ ៣ ពិន្ទុ​ដើម្បី​តាម​ស្មើ​ក្រុម Top 4 Real Madrid ដែល​នាំ​មុខ​មួយ​ប្រកួត​មុន៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT