ក្រុមហ៊ុន CIMBនិង AirAsia ដកខ្លួន​ឈប់ឧបត្ថម្ភលីគកំពូលម៉ាឡេស៊ីហើយ

សម្ព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (MFL) បានប្រកាសថា​ក្រុមហ៊ុន CIMB និង AirAsia បានដកខ្លួនលែង​ធ្វើ​ម្ចាស់ឧបត្ថម្ភលីគកំពូលម៉ាឡេស៊ីហើយ​ចាប់​ពី​រដូវ​កាល ២០២១(Malaysian League 2021 )តទៅ។

លោក Dato ‘Ab Ghani Hassan នាយកប្រតិបត្តិរបស់ MFL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា៖“ AirAsia បានបង្ហាញពីចេតនារបស់ពួកគេមិនពង្រីកការឧបត្ថម្ភបន្តទៀតជាមួយ MFL សម្រាប់លីគកំពូលម៉ាឡេស៊ីឆ្នាំ ២០២១” ។

“ MFL មានការប្រជុំជាមួយ CIMB កាលពី៣ ថ្ងៃមុនហើយពួកគេបានបង្ហាញនូវបំណងដូចគ្នាដែលយើងកំពុងរង់ចាំលិខិតផ្លូវការពី CIMB។ ខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភនីមួយៗចំពោះការបរិច្ចាគរបស់ពួកគេ។ យើងត្រូវយល់ពីស្ថានភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ ផង​ដែរ”។

ក្នុងពេលនេះ! លោក Ab Ghani បានប្រកាសថាក្រុមហ៊ុន Telekom Malaysia (TM) នឹងនៅតែប្តេជ្ញាចិត្តក្នុងការធ្វើជាអ្នកឧបត្ថម្ភដ៏សំខាន់របស់លីគកំពូលម៉ាឡេស៊ី​នារដូវកាលក្រោយ។

ក្រុមហ៊ុនភេសជ្ជៈ F&N ដែល​មានផ្លាកយីហោ 100PLUS ដ៏ល្បី ក៏នឹងបន្តឧបត្ថម្ភដល់លីគកំពូលម៉ាឡេស៊ីផងដែរ ស្របពេលដែលស្ថានភាពនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅតែបន្តចរចា។

“ ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់ ជាពិសេសអ្នកគាំទ្រមិនមានការភិតភ័យចំពោះអវត្តមានរបស់ម្ចាស់ឧបត្ថម្ភទាំងនេះដែល MFL នឹងបន្តដំណើរការលីគកំពូលម៉ាឡេស៊ីដូចធម្មតា។ បច្ចុប្បន្នយើងកំពុងចរចាជាមួយភាគីជាច្រើនដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលមកវិនិយោគលើបាល់​ទាត់ម៉ាឡេស៊ី” ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT