Pellegrini ៖ ​វា​ពិបាក​​ឱ្យ​កីឡាករ​ចាស់​សប្បាយ​ចិត្ត ពេល​យើង​ទិញ​កីឡាករ​ថ្មី​ច្រើន

Manuel Pellegrini ​អ្នក​ចាត់ការ​ក្រុម West Ham ​និយាយ​ថា​កីឡាករ​ចាស់​ៗ​នៅ​ក្លឹប​ពិត​ជា​ពិបាក​នឹង​ធ្វើ​ឱ្យ​ពួកគេ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​វត្តមាន​កីឡាករ​ថ្មី​ចូល​ក្រុម​ច្រើន​ពេក។

West Ham ​នាំ​ចូល​កីឡាករ​១០​នាក់​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​រួម​ទាំង​កីឡាករ​ Felipe Anderson ​ដែល​បំបែក​កំណត់ត្រា​ក្លឹប​៤០​លាន​ផោន​ថែម​ទៀត។ ការ​ចំណាយ​ច្រើន ​និង​មាន​កីឡាករ​ថ្មី​ច្រើន​នេះ ​បាន​បង្កើត​ជា​បញ្ហា​សម្រាប់​លោក Pellegrini ព្រោះ​អ្នក​ចាត់ការ​រូប​នេះ​ដឹង​ថា​កីឡាករ​ចាស់​ៗ​នៅ​ក្នុង​ក្រុម​ពិត​ជា​មិន​សប្បាយ​ចិត្ត​នោះ​ទេ។

អតីត​អ្នក​ចាត់ការ​ក្រុម Man City ​ខាង​លើ​បាន​និយាយ​ទៀត​ថា​លោក​មក West Ham ​ដើម្បី​ផ្លាស់​ប្ដូរ ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​និង​រៀប​ទម្រង់​ថ្មី ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កីឡាករ​ខ្លះ។ យ៉ាងណាមិញ ​លោក​ដឹង​មុន​ហើយ​ថា ​នឹង​មាន​រឿង​នេះ ប៉ុន្តែ​បាល់ទាត់​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ។ ការ​ប្រកួត​ទល់​ក្រុម Liverpool ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​លោក​នឹង​សម្រេច​ចិត្ត​ចំពោះ​កីឡាករ​ណា​ដែល​ត្រូវ​ជាប់​ជម្រើស​១១​នាក់​ដំបូង។

West Ham ​បាន​ចំណាយ​អស់​៩៥​លាន​ផោន ដើម្បី​នាំ​យក​កីឡាករ​ចំណូល​ថ្មី​១០​នាក់។ ក្លឹប​មួយ​នេះ រំពឹង​ថា​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នៅ​រដូវ​កាល​នេះ៕ប្រភព៖ DailyMail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT