Man City សម្លឹង​ឃើញ​កីឡាករ​លេខ​នៅ Serie A ចង់​យក​មក​ជំនួស Aguero រយៈ​ពេល​យូរ

ក្លឹប​មេឃ​ខៀវ Manchester City កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Lautaro Martinez របស់​ក្លឹប Inter Milan ដោយ​ចង់​ចរចា​នាំ​យក​រូប​គេ​មក​អង់គ្លេស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ទុក​ជំនួស​តំណែង Sergio Aguero។ នេះ​បើ​តាម​របាយការណ៍​ពី The Mirror បាន​ចុះ​ផ្សាយ។

Aguero នឹង​ត្រូវ​ផុត​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ ហើយ​មិន​ទាន់​មាន​ដំណឹង​ថា​បន្ត​កុងត្រា​ថ្មី​នៅ​ឡើយ។ ក្រឡេក​ទៅ​ Martinez ​ឯ​ណេះ​វិញ ទាំង​សមត្ថភាព​ក៏​មិន​ណយ ហើយ​កត្តា​អាយុ​ក៏​នៅ​ក្មេង​គួរ​សម ដែល​អាច​ឲ្យ City យក​រូប​គេ​មក​ជួយ​ក្រុម​ក្នុង​រយៈ​ពេល​យូរ។

នៅ​រដូវ​កាល​នេះ កីឡាករ​ពាក់​អាវ​លេខ ១០ សញ្ជាតិ​អាហ្សង់ទីន រក​បាន ៦ គ្រាប់​និង Assist ៣ លើក​នៅ​ការ​បង្ហាញ​ខ្លួន ១៣ ប្រកួត​ឲ្យ​ Inter Milan។ ខណៈ​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​រដូវ​កាល ឆ្នាំ ២០២៣ ឯ​ណោះ តែ​ក៏​ល្ហិចល្ហៀង​ថា​កំពុង​ចរចា​រំអុក​ក្លឹប​បច្ចុប្បន្ន​ឲ្យ​ដំឡើង​ថ្លៃ​ពលកម្ម​ដើម្បី​បន្ត​កុងត្រា​ថ្មី​ផង​ដែរ។

យើង​នឹង​រង់ចាំ​មើល​ថា​តើ​ Man City ព្រម​បោះបង់ Aguero ហើយ​ជ្រើស​យក​អ្នក​ថ្មី​មែន​ឬ​ក៏​អត់? ខណៈ​ដែល​ថ្មីៗ​នេះ​ទើប​តែ​ជោគជ័យ​លើ​ការ​បន្ត​កុងត្រា​ជាមួយ​បុគ្គល​សំខាន់​ក្នុង​ក្លឹប​គឺ​អ្នកចាត់ការ​លោក Pep Guardiola បាន​មួយ​ហើយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT