Boateng ថា​ពេល​ឃើញ​កីឡាករ​ម្នាក់​នេះ​ហ្វឹកហាត់ ធ្វើ​ឲ្យ​លោក​ដល់​ថ្នាក់​ចង់​បញ្ចប់​អាជីព​បាល់ទាត់

Kevin-Prince Boateng បាន​ទម្លាយ​ថា​លោក​មាន​អារម្មណ៍​ដូច​ជា​ខ្វះខាត​អ្វី​ម្យ៉ាង នៅ​ពេល​ដែល​លោក​ឃើញ Lionel Messi ហ្វឹកហាត់ ហើយ​រហូត​ដល់​ថ្នាក់​ចង់​ឲ្យ​លោក​បញ្ចប់​អាជីព​ពី​វិស័យ​កីឡា​បាល់ទាត់​ទៀត​ផង។

Baoteng បាន​ចំណាយ​ពេល ៦ ខែ​នៅ​ក្លឹប Barcelona សម្រាប់​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ ២០១៩ ហើយ​បើ​ទោះ​បី​គេ​មាន​ឱកាស​ចូលរួម​ការ​ប្រកួត​តែ ៥ លើក​ក៏​ដោយ ប៉ុន្តែ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​បាន សរសើរ​មិន​ដាច់​ពី​មាត់​នូវ​ពេល​បាន​លេង​ជាមួយ​តារា​ឆ្នើម Messi។

ប្រាប់​សារព័ត៌មាន DAZN ​កីឡាករ​វ័យ ៣៣ ឆ្នាំ​និយាយ​ថា៖ “រយៈ​ពេល ៦ ខែ​នៅ Barcelona គឺ​អស្ចារ្យ​ខ្លាំង ដោយ​ដំបូង​ខ្ញុំ​មិន​ជឿ​ទេ​ថា Barcelona ចង់​បាន​ខ្ញុំ”។

លោក​បន្ថែម​ទៀត​ថា៖ “នៅ​ពេល​ហ្វឹកហាត់​ជាមួយ Messi ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​លែង​ចង់​ចេញ ដោយ​ខ្ញុំ​តែងតែ​និយាយ​ថា Cristiano Ronaldo ល្អ​បំផុត​ក្នុង​លោក តែ Messi គឺ​ជា​អ្វី​មួយ​ផ្សេង​ទៀត ដែល​មិនមែន​ជា​មនុស្ស​ធម្មតា​ឡើយ”។

“កំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​គាត់ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​នៅ​ខ្វះខាត​ច្រើន ហើយ​វា​ជា​លើក​ទី​មួយ​ក្នុង​អាជីព​ដែល​ខ្ញុំ​គិត​បែប​ហ្នឹង រហូត​ដល់​មាន​អារម្មណ៍​ថា វា​ដល់​ពេល​ហើយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​ឈប់​លេង​បាល់ទាត់”។

បញ្ជាក់​ថា Boateng ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​នៅ Serie B គឺ AC Monza ​ដែល​គេ​ផ្ទេរ​ទៅ​ចូលរួម​កាល​ពី​ថ្ងៃ​ទី ២៨ ​កញ្ញា ឆ្នាំ ២០២០ ក្រោយ​រួមរស់​នៅ Fiorentina បាន​ជាង ១ ឆ្នាំ៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT