FIFA មកពីឈ្មោះពេញ Federation Internationale de Football Association ដែលតំណាងឲ្យសហព័ន្ធសមាគមបាល់ទាត់អន្តរជាតិ បង្កើតឡើងនៅថ្ងៃទី ២១ ឧសភា ឆ្នាំ ១៩០៤។ សព្វថ្ងៃ FIFA គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ គ្រប់គ្រងលើសមាគមបាល់ទាត់ ហ្វូតសាល និងបាល់ទាត់លើឆ្នេរខ្សាច់។
FIFA បង្កើតឡើងក្នុងគោលបំណងរៀបចំនិងផ្សព្វផ្សាយលើកកម្ពស់នូវព្រឹត្តិការណ៍ប្រកួតនានាក្នុងសកលលោក ហើយមានគោលជំហររឹងមាំ ដោយធានាឲ្យបាននូវភាពយុត្តិធម៌ និងប្រសិទ្ធភាពសម្រាប់ប្រភេទកីឡាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។ នៅឆ្នាំ ២០១៨ FIFA កើបបានចំណូលច្រើនជាង ៤,៦ ពាន់លានដុល្លារ ចុះអ្នកដឹងទេថា តើប្រភពចំណូលរបស់ពួកគេទទួលបានពីមធ្យោបាយណាខ្លះ?
ក្នុងនោះប្រភពចំណូលធំៗរបស់ FIFA មាន ៥ ហើយផ្នែកចម្បងបំផុតគឺនៅព្រឹត្តិការណ៍ World Cup ដែលធ្វើរៀងរាល់ ៤ ឆ្នាំម្តង។ CTS Sports សូមធ្វើការពន្យល់ដោយសង្ខេបដូចតទៅ៖
បើទោះបីជាព្រឹត្តិការណ៍ World Cup ធ្វើនៅរៀងរាល់ ៤ ឆ្នាំម្តង ប៉ុន្តែវាក៏គ្រប់គ្រាន់សម្រាប់អង្គភាពខាងលើក្នុងការបង្កើតចំណូលខ្ទង់ពាន់លានដុល្លារបានដែរ។ ជាទូទៅ World Cup មិនមែនជ្រើសរើសប្រទេសណាមួយជាម្ចាស់ផ្ទះ ដោយចៃដន្យនោះទេ ផ្ទុយទៅវិញគឺ FIFA បើកឲ្យមានការដេញថ្លៃ ជាក់ស្តែងដូចជានៅឆ្នាំ ២០២២ ប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំ ២០២៦ គឺនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ីកូ។
កំឡុងពេលនៃព្រឹត្តិការណ៍ World Cup គឺអាចទាក់ទាញអ្នកទស្សនាខ្ទង់លាននាក់នៅទូទាំងសកលលោក ហេតុនេះហើយទើបប្រទេសនីមួយៗនាំគ្នាចង់ធ្វើជាម្ចាស់ផ្ទះ ព្រោះដើម្បីឆ្លៀតពេលនោះអាចផ្សព្វផ្សាយពីសក្ដានុពលនៃប្រទេសរបស់ខ្លួន និងអាចទាក់ទាញវិនិយោគិន ក៏ដូចជាអាចបង្កើនតួលេខភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
ការរៀបចំព្រឹត្តិការណ៍មួយនេះ ទាញឲ្យ FIFA អាចកើបលុយរាប់លាន តាមរយៈកត្តាសំខាន់ ៣ មានដូចជា ការលក់សិទ្ធផ្សព្វផ្សាយសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ សិទ្ធផ្សព្វផ្សាយលើទីផ្សារ និងសិទ្ធនៃការផ្តល់អាជ្ញាប័ណ្ណ។
សម្រាប់ការលក់សិទ្ធផ្សព្វផ្សាយលើទូរទស្សន៍ នៅឆ្នាំ ២០១៨ ពួកគេអាចរកបានដល់ជាង ២,៥៤ ពាន់លានដុល្លារឯណោះ។ ដោយឡែកនៅឆ្នាំ ២០២២ ខាងមុខ ជាឧទាហរណ៍ដូចជាការប្រជែងរវាងក្រុមហ៊ុនធំ ២ ដោយប៉ុស្តិ៍ទូរទស្សន៍ FOX បានចំណាយលុយ ៤០០ លានដុល្លារទិញសិទ្ធផ្សព្វផ្សាយ យកឈ្នះប៉ុស្តិ៍ EPSN របស់ក្រុមហ៊ុន Disney។
ដោយឡែកសម្រាប់ការលក់សិទ្ធផ្សព្វផ្សាយលើទីផ្សារ ក៏ជាប្រភពចំណូលធំមួយផ្សេងទៀតដែរ ជាក់ស្ដែងដូចជានៅឆ្នាំ ២០១៨ ចំណូលខ្ទង់ ១,៦៦ ពាន់លានដុល្លារគឺទទួលបានពីកត្តានេះហើយ។ រីឯសិទ្ធផ្តល់អាជ្ញាប័ណ្ណ ចន្លោះកុងត្រាពីឆ្នាំ ២០១៥ ដល់ ២០១៨ FIFA រកបានជាង ៦០០ លានដុល្លារឯ ណោះ។
ចំណុចចុងក្រោយគឺការលក់សិទ្ធទទួលបដិសណ្ឋារកិច្ច និងការលក់សំបុត្រ ដោយនៅចន្លោះឆ្នាំ ២០១៥ ដល់ ២០១៨ ផ្នែកនេះជួយឲ្យ FIFA កើបបានចំណូលខ្ទង់ ៧១២ លានដុល្លារ តាមរយៈការលក់សំបុត្រជាង ១០ លានសន្លឹក។
ប៉ុន្តែទន្ទឹមនឹងចំណូលដ៏លើសលប់នេះ FIFA ក៏ផ្ទុះព័ត៌មានក្នុងរឿងអាស្រូវកិបកេងលុយអង្គភាពមួយចំនួនផងដែរ ហើយរហូតដល់មានការឃាត់ខ្លួននិងដកចោលតំណែងក្រុមប្រឹក្សាភិបាលមួយចំនួនជាបន្តបន្ទាប់។ ចំពោះបញ្ហានេះ FIFA កំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវភាពគួរឲ្យទុកចិត្តសម្រាប់ថ្ងៃអនាគត៕
ប្រភព៖ Foottheball