ធ្លាប់​ជា​ក្មេង​ក្រីក្រ មាន​ឪពុក​ជា​កម្មករ​រៀប​ឥដ្ឋ មុន Maradona ​ប្រែ​ក្លាយ​ជា​បុគ្គល​ដែល​គេ​ចងចាំ​ទូទាំង​សកលលោក

ការ​ទទួល​មរណភាព​របស់​អតីត​កីឡាករ​បាល់ទាត់​ជើង​ចាស់​លោក Diego Maradona កាល​ពី​ថ្ងៃ​ទី ២៥ ​វិច្ឆិកា ឆ្នាំ ២០២០ ក្នុង​អាយុ ៦០ ឆ្នាំ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ទូទាំង​សកលលោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង។ បុរស​សញ្ជាតិ​អាហ្សង់ទីន​បាន​ទទួល​ការ​គោរព និង​ក្លាយ​ជា​បុគ្គល​ដែល​គេ​ចងចាំ ​បើ​ទោះ​បី​ជា​រូបកាយ​ពេល​នេះ​លែង​មាន​វត្តមាន​ត​ទៅ​ទៀត​ក៏​ដោយ។

Maradona ​គឺ​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ក្នុង​វិស័យ​កីឡា​បាល់ទាត់ និង​មាន​ទ្រព្យ​សម្បត្តិ​រាប់​សិប​លាន​ដុល្លារ ហើយ​ជា​កីឡាករ​ដែល​ប្រជាជន​អាហ្សង់ទីន​ចងចាំ​បំផុត​មួយ ក្រោយ​ពី​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup កាល​ពី​ឆ្នាំ ១៩៨៦។ តើ​អ្នក​ដឹង​ទេ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​មួយ​នោះ លោក​បាន​ហែល​កាត់​ប្រវត្តិ​ឈឺចាប់​និង​លំបាក​បែប​ណា​ខ្លះ តោះ​ទៅ​តាមដាន​ជាមួយ​ទំព័រ CTS Sports ដូច​ត​ទៅ៖

Diego Armando Maradona កើត​នៅ​ថ្ងៃ​ទី ៣០ ​តុលា​ឆ្នាំ ១៩៦០ នៅ​ខេត្ត Villa Fiorito រដ្ឋធានី Buenos Aires ប្រទេស​អាហ្សង់ទីន ដែល​មាន​ឪពុក​ឈ្មោះ Don Diego និង​ម្តាយ​ឈ្មោះ Salvadora Franco។ លោក​ជា​កូន​ទី ៥ ក្នុង​ចំណោម​បងប្អូន​ ៨ នាក់ ហើយ​កាល​នៅ​កុមារភាព​គ្រួសារ​របស់​លោក​ក្រ​ខ្សត់​ខ្លាំង​ណាស់ ព្រោះ​ពេល​នោះ​ឪពុក​បម្រើ​ការ​ជា​កម្មករ​រៀប​ឥដ្ឋ និង​ជា​កម្មករ​រោងចក្រ គ្រាន់​បាន​ចំណូល​បន្តិចបន្តួច​ចិញ្ចឹម​ក្រពះ​សមាជិក​គ្រួសារ​ជា​ច្រើន។

Maradona ចាប់​ផ្តើម​ផ្សា​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​បាល់ទាត់ នៅ​ពេល​ដែល​បងប្អូន​ជីដូន​មួយ​របស់​លោក​ឈ្មោះ Beto Zarate បាន​ទិញ​អំណោយ​ដែល​ជា​បាល់ទាត់​មួយ ឲ្យ​មក​លោក​នៅ​ថ្ងៃ​កំណើត​អាយុ ៣ ឆ្នាំ។ វា​ក៏​ជា​ពេល​ដែល Maradona ​ចាប់​មាន​អារម្មណ៍​ស្រលាញ់​បាល់​ខ្លាំង​បំផុត រហូត​ដល់​ថ្នាក់​យក​វា​មក​ដាក់​ក្នុង​អាវ​ហើយ​ដេក​ឱប​អស់​រយៈ​ពេល ៦ ខែ ព្រោះ​មិន​ហ៊ាន​ទុក​ចោល​ខ្លាច​គេ​លួច​យក​ទៅ​បាត់។ ដំបូង​ឡើយ​ម្តាយ​របស់​លោក ក៏​រាង​ខឹងសម្បា​បន្តិច​ដែរ ព្រោះ​ចង់​ឲ្យ​កូន​ផ្តោត​លើ​ការ​សិក្សា​ជា​ធំ​ដើម្បី​ក្លាយ​ជា​គណនេយ្យករ​មួយ​រូប តែ​យូរៗ​ក៏​បណ្តោយ​តាម​កូន​តែ​ម្តង​ទៅ ព្រោះ​ដឹង​ថា​គេ​មាន​ដុង​ស្រលាញ់​បាល់ទាត់។

នៅ​អាយុ ៩ ឆ្នាំ Maradona បាន​ចាប់ផ្តើម​រៀន​លេង​បាល់ទាត់ ជាមួយ​ការ​ប្រមូល​ផ្តុំ​ក្មេង​ក្នុង​ភូមិ​ឯ​ទៀត ហើយ​ក្រុម​របស់​លោក​មាន​ឈ្មោះ​ថា “Little Onion”។ កំឡុង​ពេល​នោះ​លោក​បាន​ជួយ​ក្រុម​ឲ្យ​លេង​ឈ្នះ​ជា​បន្តបន្ទាប់ ដល់​ទៅ ១៤០ ប្រកួត​បណ្តាក់​គ្នា ដោយ​បុរស​កម្ពស់​មិន​សូវ​បាន​រូប​នេះ មាន​ជំនាញ​បណ្តើរ​បាល់​ និង​តិចនិក​បញ្ជូន​បាល់​យ៉ាង​ល្អ អម​ជាមួយ​កម្លាំង​ដ៏​ខ្លាំង​ក្នុង​ការ​ស៊ុត ដែល​ធ្វើ​ឲ្យ Maradona មាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ពី​អ្នក​ទស្សនា​ក្នុង​តំបន់​នៅ​ពេល​នោះ។ ទេពកោសល្យ​របស់​លោក​កាន់​តែ​រីក​សុះសាយ​ធំ​ទៅ រហូត​ដល់​ពេល​មួយ​មាន​កាសែត​ក្នុង​តំបន់​បាន​ចុះ​ផ្សាយ​ពី​ការ​លេង​របស់​លោក ហើយ​ដាក់​រហស្សនាម​ឲ្យ​លោក​ថា​ជា “Caradona”។

ពេល​មាន​អាយុ ១២ ឆ្នាំ Maradona ត្រូវ​បាន​ក្រុម​កម្រិត​មធ្យម​ Los Cebollitas ជ្រើសរើស​យក​ទៅ​ចូលរួម។ ពេល​លេង​ឲ្យ​ក្រុម​នេះ លោក​បាន​ជួយ​ក្រុម​ឈ្នះ​ការ​ប្រកួត ១៣៦ លើក​បណ្តាក់​គ្នា ហើយ​ធ្វើ​ឲ្យ​កេរ​ឈ្មោះ​ខ្លួន​កាន់​តែ​ល្បីល្បាញ​ខ្លាំង ដល់​ថ្នាក់​ក្រុម Argentinos Juniors មក​ចរចា​នាំ​យក​នៅ​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់។ ដល់​ពេល​លោក​មាន​អាយុ ២១ ឆ្នាំ ក្លឹប Boca Junior បាន​ចាយ​លុយ​ជាង ៣,៨ លាន​អឺរ៉ូ​ចុះ​ហត្ថលេខា​យក​រូប​លោក​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង រហូត​បាន​មួយ​ឆ្នាំ​បន្ទាប់ ក្លឹប Barcelona ក៏​ចាយ​លុយ​ធំ ៧,៣០ លាន​អឺរ៉ូ ដែល​ជា​តម្លៃ​បំបែក​កំណត់ត្រា​ពេល​នោះ នាំ​យក Maradona មក​រួម​អាជីព​នៅ​ប្រទេស​អេស្ប៉ាញ។

ជាមួយ Barcelona ក៏​ជា​ពេល​ដែល Maradona ជោគជ័យ​ខ្លាំង និង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ ដោយ​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន Copa del Rey និង Spanish Super Cup ហើយ​រក​បាន ៣៨ គ្រាប់​នៅ ៥៨ ប្រកួត​សរុប។ រំលង​ដល់​ ២ ឆ្នាំ​បន្ទាប់ Maradona ត្រូវ​បាន​ក្លឹប​អ្នក​មាន​នៅ​អ៊ីតាលី​គឺ Napoli ចាយ​លុយ ១២ លាន​អឺរ៉ូ​ទិញ​យក​រូប​លោក​ចេញ​ពី Barcelona ដែល​វា​ជា​តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ពិភពលោក​សារ​ជា​ថ្មី​ម្តង​ទៀត។

ច្បិច​ចូល​មក​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ឯ​ណេះ​វិញ Maradona បាន​ជួយ​ឲ្យ​អាហ្សង់ទីន​ឈ្នះ​ពាន FIFA World Cup Youth Championship នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ឆ្នាំ ១៩៧៩ មុន​ផ្ទេរ​មក​លេង​ឲ្យ​ឈុត​ធំ និង​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​លំដាប់​ពិភពលោក FIFA World Cup ក្រោយ​បំបាក់​អាល្លឺម៉ង់​ខាង​លិច​នៅ​លទ្ធផល ៣-២ ក្នុង​ប្រទេស​ម៉ិកស៊ីកូ នៅ​ឆ្នាំ ១៩៨៦។ លោក​ជា​កីឡាករ​តែ​ម្នាក់​គត់​ក្នុង​លោក ដែល​អាច​រក​បាន​គ្រាប់​បាល់ Goal+Assist ចំនួន ១០ គ្រាប់​នៅ​ព្រឹត្តិការណ៍​ទោល FIFA World Cup។

ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ អាជីព​ក្នុង​វិស័យ​បាល់ទាត់​របស់ Maradona ចាប់​ផ្តើម​ប្រែប្រួល​និង​ធ្លាក់​កូដ ក្រោយ​ពេល​លោក​ប្រែ​ក្លាយ​ជា​កីឡាករ​មួយ​រូប​ដែល​ញៀន​នឹង​ស្រា ក៏​ដូច​ជា​ការ​ប្រើប្រាស់​សារធាតុ​ញៀន​កូកាអ៊ីន។ លោក​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​ជា​ច្រើន​ខែ មិន​ថា​តែ​ការ​លេង​ឲ្យ​ក្លឹប​និង​នៅ​ជម្រើស​ជាតិ រហូត​ដល់​បង្ខំ​ចិត្ត​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ១៩៩៧។

បន្ទាប់​ពី​ការ​ចូល​និវត្ត ស្ថានភាព​សុខភាព​របស់ Maradona បាន​ចាប់​ចុះ​ខ្សោយ​ទៅ ជា​ពិសេស​គឺ​ការ​កើត​មាន​ជំងឺ​បេះដូង។ ដោយឡែក​នៅ​ឆ្នាំ​មួយ​នោះ បុរស​សញ្ជាតិ​អាហ្សង់ទីន​ធ្លាប់​បាន​ឡើង​ទម្ងន់​ខ្លាំង​ដល់​ទៅ ១២១ គីឡូក្រាម ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​បាន​ស្រក​មក​វិញ​ជាង ៥០ គីឡូក្រាម។

បើ​ទោះ​បី​ជា Maradona ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ​ជា​ច្រើន​ក្តី ប៉ុន្តែ​ទេពកោសល្យ​និង​ជោគជ័យ​របស់​លោក​កាល​ពី​អតីតកាល នៅ​តែ​បាន​ចារ​ទុក​យ៉ាង​ជាក់ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ លោក​ក៏​ត្រូវ​បាន​មតិ​ជា​ច្រើន​ រាប់​បញ្ចូល​ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា ជាមួយ​នឹង​អតីត​កីឡាករ​ជើង​ចាស់​លោក Pele។

ជា​ចុង​ក្រោយ​បន្ទាប់​ពី Maradona បាន​ទទួល​មរណភាព លោក Pele ដែល​មាន​អាយុ ៨០ ឆ្នាំ​ក៏​បាន​និយាយ​នូវ​ពាក្យ​យ៉ាង​កម្សត់​ថា៖ “មិន​អី​ទេ ជា​ការ​ពិត​ណាស់​នៅ​ថ្ងៃ​ខាង​មុខ​យើង​នឹង​បាន​លេង​បាល់​រួម​គ្នា​នៅ​ឯ​ស្ថានសួគ៌”៕

ប្រភព៖ LifeBogger

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT