នេះ​បណ្តាំ​ចុង​ក្រោយ​ដែល​ Maradona ​ផ្តាំ​ទៅ​គ្រួសារ​មុន​ស្លាប់ ដើម្បី​ចង់​ក្លាយ​ជា​បុគ្គល​ទី ៤ នៅ​អាហ្សង់ទីន

Diego Maradona អាច​នឹង​ក្លាយ​ជា​បុគ្គល​ទី ៤ ក្នុង​ប្រទេស​អាហ្សង់ទីន ដែល​ត្រូវ​បាន​គេ​យក​សាកសព​ទៅ​តម្កល់​ថែ​រក្សា​ទុក ក្រោយ​ពេល​ទទួល​មរណភាព។ ប៉ុន្តែ​រឿង​នេះ​អាច​កើត​ទៅ​បាន គឺ​ស៊ីសង​លើ​ការ​រៀបចំ​និង​សម្រេច​ចិត្ត​របស់​ក្រុមគ្រួសារ​លោក​ផ្ទាល់។

Maradona បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​គាំង​បេះដូង​កាល​ពី​ថ្ងៃ​ទី ២៥ ​វិច្ឆិកា ឆ្នាំ​ ២០២០ នៅ​ឯ​គេហដ្ឋាន​ក្នុង​ប្រទេស​កំណើត​អាហ្សង់ទីន នៅ​អាយុ ៦០ ឆ្នាំ។

តាម​អ្នក​សារព័ត៌មាន​ Martin Arevalo និយាយ​ឲ្យ​ដឹង​ថា លោក Maradona បាន​ផ្តាំផ្ញើ​ទៅ​ក្រុម​គ្រួសារ​នៅ​មុន​ថ្ងៃ​ខួប​កំណើត​អាយុ ៦០ ឆ្នាំ​របស់​លោក ថា​នៅ​ពេល​ដែល​លោក​ស្លាប់ សូម​ប្រាកដ​ថា​យក​សាកសព​របស់​លោក​ធ្វើ​ការ​តម្កល់​ថែ​រក្សា​ទុក​ឲ្យ​បាន​រយៈ​ពេល​យូរ។ មិនមាន​ការ​បញ្ជាក់​ច្បាស់​ថា​ក្រុម​គ្រួសារ​របស់​លោក​យល់​ព្រម​ឬ​អត់​នោះ​ទេ ប៉ុន្តែ​គិត​ត្រឹម​ពេល​ចុង​ក្រោយ​សាកសព​ត្រូវ​បាន​នាំ​យក​ទៅ​ទី​បញ្ចុះសព Jarden de Bella Vista ហើយ តែ​ចាត់ចែង​ណា​មិន​មាន​នរណា​ដឹង​ច្បាស់​នៅ​ឡើយ។

គួរ​រំឭក​ថា នៅ​អាហ្សង់ទីន​មាន​តែ​សាកសព​របស់​បុគ្គល ៣ រូប​ប៉ុណ្ណោះ​នា​ពេល​កន្លង​មក ដែល​ត្រូវ​បាន​គេ​រក្សា​តម្កល់​ទុក ដោយ​រួម​មាន​អតីត​ឧត្ដមសេនីយ៍​យោធា​លោក Jose de San Martin អតីត​ប្រធានាធិបតី​អាហ្សង់ទីន​លោក Juan Domingo Peron និង​ភរិយា​របស់​លោក៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT