អនាគត​ប្រធាន​ក្លឹប​ Barca ​ថា ​នឹង​មិន​ទិញ Neymar ​មក​វិញ​ទេ​

​លោក​ Toni Freixa ​បេក្ខភាព​ឈាន​មុខ​ក្នុង​ការ​ក្លាយ​ជា​ប្រធាន​ក្លឹប FC Barcelona ​ថ្មី​នៅ​ឆ្នាំ​ក្រោយ​នេះ បាន​អះអាង​ថា​លោក​នឹង​មិន​ទិញ Neymar ​ត្រលប់​មក​វិញ​ឡើយ។

​Neymar ​បាន​ចាកចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ទៅ​ចូល​រួម​ជាមួយ​ក្រុម PSG ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​មួយ។ ​យ៉ាងណាមិញ ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​រូបគេ​មាន​ចិត្ត​ចង់​ត្រលប់​មក​រួម​រស់​ជាមួយ​ក្រុម Barcelona ​វិញ​ហើយ ក្រោយ​ពី​ទៅ​លេង​នៅ​បារាំង​នោះ​មិន​អាច​លើក​ពាន​រង្វាន់ UEFA Champions League បាន​។

​អម​ជាមួយ​ដំណឹង​នៃ​ការ​ចង់​ត្រលប់​មក​វិញ​នេះ​ដែរ ​លោក Toni Freixa ​បេក្ខភាព​អនាគត​ប្រធាន​ក្លឹប Barcelona ​ក៏​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​៖ “Neymar ​ព្រោះ​តែ​ទម្រង់​លេង​របស់​គាត់​បច្ចុប្បន្ន​នេះ ​មិន​ជាប់​សូម្បី​បញ្ជី​កីឡាករ​ល្អ​ទាំង​៣០​នាក់​ផង។ ប្រសិន​បើ​ខ្ញុំ​ជា​ប្រធាន​ក្លឹប ​ខ្ញុំ​នឹង​មិន​ទិញ​គាត់​មក​វិញ​នោះ​ទេ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT