AC Milan ដក​ Zlatan ឲ្យ​សម្រាក​មើល​របួស​ប៉ុន្មាន​សប្តាហ៍​សិន ដើម្បី​ត្រៀម​សម្រាប់​ប្រកួត​ធំ​នៅ​ចុង​ឆ្នាំ

ម៉ាស៊ីន​ស៊ុត Zlatan Ibrahimovic ដែល​កំពុង​ឈរ​ជា Top Scorer នៅ​ក្របខ័ណ្ឌ Serie A ​ត្រូវ​គេ​រាយការណ៍​ថា​បាន​ជួប​បញ្ហា​របួស​សរសៃពួរ​កំឡុង​ការ​ប្រកួត ​ទល់ Napoli កាល​ពី​ថ្ងៃ​មុន ហើយ​លោក​នឹង​ត្រូវ​ក្លឹប​ដាក់​ឲ្យ​សម្រាក​ព្យាបាល​មួយ​រយៈ​ពេល​សិន។

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ធ្វើ​បាន​យ៉ាង​ល្អ ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ AC Milan សារ​ជា​ថ្មី ហើយ​ជា​ចំណែក​ដ៏​សំខាន់​ដែល​ជួយ​ក្លឹប​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពេល​បច្ចុប្បន្ន។ ដើម្បី​បញ្ចៀស​ការ​ខកខាន​ចូលរួម​ប្រកួត​សំខាន់​នៅ​ចុង​ឆ្នាំ គឺ​ការ​ប៉ះ Lazio នៅ​ថ្ងៃ​ទី ២៣ ធ្នូ ​និង​ប៉ះ Juventus នៅ​ថ្ងៃ​ទី ៦ មករា ក្លឹប Milan ក៏​សម្រេច​ដក Zlatan ឲ្យ​សម្រាក​ព្យាបាល​របួស​ឲ្យ​បាន​ស្រួល​សិន​ក្នុង​កំឡុង​ពេល​នេះ។

បែប​នេះ​មាន​ន័យ​ថា ខ្ញី​ចាស់​សញ្ជាតិ​ស៊ុយអែត​នឹង​មិន​អាច​ជួយ​ក្រុម​ប៉ះ Lille និង Celtic នៅ​ការ​ប្រកួត Europa League ខាង​មុខ​នោះ​ទេ ពោល​គឺ​ទាមទារ​រយៈ​ពេល​ច្រើន​ជាង​ ១០ ​ថ្ងៃ​សម្រាប់​ព្យាបាល​របួស​ខាង​លើ។

បញ្ជាក់​ថា ប្រសិន Milan អាច​យក​ឈ្នះ​ក្លឹប​ខ្លាំង​ទាំង​ពីរ​មាន Lazio និង Juventus ទៀត​នោះ ពួក​គេ​ក៏​សង្ឃឹម​ច្រើន​ក្នុង​ការ​លើក​ពាន Serie A រដូវ​កាល​នេះ​ផង​ដែរ។ គិត​ត្រឹម​ជុំ​ទី ៨ ក្លឹប​ដឹកនាំ​ដោយ​លោក Stefano Pioli មាន ២០ ពិន្ទុ យក​ឈ្នះ ២ ពិន្ទុ​ធៀប​នឹង​ក្រុម Sassuolo ដែល​ឈរ​លេខ ២៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT