គ្រូ​ធំ Barca ប្រាប់​មូលហេតុ​ដែល​មិន​ដាក់ Messi ឲ្យ​ចូល​លេង​នៅ UCL

Barcelona នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ទីក្រុង​កៀវ នៅ​ប្រទេស​អ៊ុយក្រែន​របស់​ម្ចាស់ផ្ទះ​ក្រុម Dynamo សម្រាប់​ការ​ប្រកួត​ជុំ​ទី ៤ ក្របខ័ណ្ឌ UEFA Champions League ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក​ស្អែក​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត ក៏​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ព្រោះ​កីឡាករ Lionel Messi នឹង​មិនមាន​វត្តមាន​សម្រាប់​ប្រកួត​នោះ​ទេ ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​មាន​មន្ទិល​សង្ស័យ ផ្សារភ្ជាប់​នឹង​ចចាមអារ៉ាម​នៃ​ការ​ចាកចេញ​របស់​លោក។

បែប​ណា​មិញ​តាម​រយៈ​ការ​ឆ្លើយតប​របស់​អ្នកចាត់ការ​លោក Ronald Koeman បាន​និយាយ​ថា ដោយសារ​ក្រុម​នាំ​មុខ​ពិន្ទុ ហើយ​គិត​ថា​ប្រកួត​ហ្នឹង​មិន​សូវ​សំខាន់ ទើប​ដាក់​ឲ្យ Messi សម្រាក ដោយ​គ្មាន​មូលហេតុ​ផ្សេង​នោះ​ទេ។

ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​លោក​និយាយ​ថា៖ “យើង​បាន​សម្រេច​មិន​ឲ្យ Messi និង De Jong ធ្វើ​ដំណើរ​ទៅ​ចូលរួម ​ព្រោះ​ស្ថានភាព​ការ​ប្រកួត​នៅ Champions League យើង​ស្ថិត​នៅ​ចំណុច​សុវត្ថិភាព​មួយ​ហើយ​សម្រាប់​ពិន្ទុ​ដែល​យើង​កំពុង​មាន ហើយ​កីឡាករ​ទាំង​ពីរ​ត្រូវ​ការ​សម្រាក ព្រោះ​គេ​លេង​ច្រើន​ប្រកួត​ហើយ”។

បញ្ជាក់​ថា គិត​ត្រឹម​ជុំ​ទី ៣ អ្នក​មាន​បុណ្យ​ឈរ​កំពូល​តារាង​នៅ​ពូល G មាន ៩ ពិន្ទុ នាំ​មុខ ៣ ពិន្ទុ​លើ Juventus និង​ឈ្នះ​ដាច់​លើ​ក្រុម​លេខ ៣&៤ ដែល​មាន ១ ពិន្ទុ​គត់៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT