អូឡាំពិកម្ពុជាបញ្ជ្រាបការផ្សព្វផ្សាយ «អប់រំគុណតម្លៃអូឡាំពិក» ជាលើកទី៤ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល

គណៈកម្មាធិការជាតិអូឡាំពិកកម្ពូជា (NOCC) បានបន្តរៀបចំកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ជាលើកទី៤ ប្រចាំឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងគោលដៅបន្តសកម្មភាពផ្សព្វផ្សាយឧត្តមគតិអូឡាំពិកទៅដល់ស្រទាប់មហាជន មហាជន និងសិស្សានុសិស្ស។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញ និងផ្តល់អនុសាសសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC តែងតែជំរុញឲ្យយើងរៀបចំការបញ្ជ្រាប់អប់រំតម្លៃអូឡាំពិកជូនដល់យុវជន ជាពិសេសគឺសិស្សានុសិស្ស នៅតាមគ្រឹះស្ថានអប់រំនានា ដោយបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ក្នុងការជួយបំពេញបន្ថែមនូវសមាសភាពអប់រំ តាមរយៈការបញ្ជ្រាបអប់រំកាយ និងកីឡា និងទ្រឹស្តីកីឡាល្អៗ នៅក្នុងការអប់រំគុណតម្លៃអូឡាំពិកនេះ។
ឯកឧត្តមបន្ថែមថា គណៈកម្មការអូឡាំពិកអន្តរជាតិបានណែនាំឲ្យបណ្តាប្រទេសនានា ដែលស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះឆ្លៀតបញ្ជ្រាបការអប់រំផ្សព្វផ្សាយកម្មវិធីនេះតាមដែលអាចធ្វើទៅបាន កុំឲ្យអសកម្ម ក្នុងការផ្សព្វផ្សាយចំណេះដឹងអូឡាំពិក ស្មារតីនៃចលនាកីឡាអូឡាំពិក ឬហៅថាឧត្តមគតិអូឡាំពិក ដូច្នេះ នៅចុងឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានខិតខំធ្វើអស់រយៈពេល៤លើករួចហើយ នៅតាមរាជធានី-ខេត្ត ចំនួន ដោយបានបញ្ជ្រាបអប់រំទ្រឹស្តីចលនាអូឡាំពិក និងនាំលេងកីឡាជូនដល់សិស្សានុសិស្សរាប់ពាន់នាក់។ ជាមួយ នឹងការរៀបចំនៅកន្លែងខុសៗគ្នានេះ យើងឃើញថា យើងបានពង្រឹងស្មារតីការចូលរួមរបស់យុវជន នៅក្នុងវិស័យអប់រំកាយ និងកីឡា ហើយកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» តែងតែងបានព្យាយាមពន្យល់អំពីគុណតម្លៃនៃជីវិត ចំពោះសកម្មភាពកីឡា ដើម្បីជំរុញឲ្យគាត់យកធ្វើជាមូលដ្ឋាននៃការពង្រឹងសមត្ថភាពផ្លូវកាយ ការដុសខាត់នូវបញ្ហាស្មារតីឲ្យបានល្អប្រសើរ ដែលជាជំនួយដល់ក្នុងការសិក្សារបស់ពួកគាត់។ បើកាលណាពួកគាត់មានសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត នោះការសិក្សារបស់ពួកគាត់ក៏មានការលូតលាស់ល្អប្រសើរផងដែរ។ «អប់រំគុណតម្លៃអូឡាំពិក គឺជាចំណែកមួយក្នុងការជំរុញឲ្យការអប់រំមានគុណភាព ដែលយើងឃើញថា កម្មវិធីនេះយើងមានការអប់រំជាសកម្ម ភាពកីឡាផង និងការអប់រំជាទ្រឹស្តីផង ហើយតាមរយៈការបញ្ជ្របការផ្សព្វផ្សាយនេះបានធ្វើឲ្យសិស្សានុសិស្សរបស់យើង ដែលក្នុងនោះជាកីឡាករ កីឡាការិនីប្រចាំសាលារៀននីមួយៗក៏បានយល់ច្បាស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជាជំរុញឲ្យពួកគាត់អាចបន្តអប់រំដល់សិស្សានុសិស្សនានា ប្រចាំសាលានីមួយៗ ដែលយើងមិនអាចប្រមូលផ្តុំបាន ក្នុងទ្រង់ទ្រាយធំបាន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបន្តធ្វើកម្មវិធីនេះជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំក្រោយៗទៀតនឹងបង្កើនកម្មវិធីនេះឲ្យកាន់តែធំទូលាយ ក្នុងនោះយើងនឹងជំរុញចលនានៃការផ្សព្វផ្សាយពីការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ ដូច្នេះយើងគ្រោងនឹងធ្វើបញ្ជូលគ្នានូវទ្រឹស្តី ទាំងការអភិវឌ្ឍចំណេះដឹង គំនិត ក៏ដូចជាការជំរុញលើកទឹកចិត្តឲ្យសិស្សានុសិស្សមានការផ្លាស់ប្តូរឥរិយាបទថ្មីមួយ ពីទម្លាប់ខ្ជិលច្រអូស មិនធ្វើសកម្មភាពផ្លូវកាយ ភាពស្ពឹកស្រពន់ផ្លូវកាយឲ្យវិលត្រឡប់ទៅរកសកម្មភាពផ្លូវកាយ នៅក្នុងជីវិតរបស់ពួកគាត់ ដើម្បីចូលរួមចំណែកដល់សកម្ម ភាពកីឡា ជាពិសេសគឺពន្យល់ឲ្យពួកគាត់យល់ដឹងថា ពួកគាត់ក៏ជាចំណែករួមគ្នាទទូលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ។
ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ការអប់រំផ្សាយផ្សាយពីចលនាអូឡាំពិក នៅតាម គ្រឹះស្ថានសិក្សានេះ គឺជាគោលដៅដ៏ធំចម្បង ក្នុងការធ្វើឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបញ្រ្ជាបចំណេះដឹងទាំងនេះ ដោយគេយល់ថា ពួកគាត់គឺជាសិស្សានុសិស្សនៅក្នុងសាលារៀនមែន ប៉ុន្តែពួកគាត់រស់នៅក្នុងសង្គម ដូច្នេះពួកគាត់គឺជាចំណែកដ៏សំខាន់ ក្នុងការផ្ទេរចំណេះដឹងទាំងអស់នេះទៅក្នុងសង្គមផងដែរ ដែលនេះគឺជាអ្វីដែលយើងទទួលបានពីអូឡាំពិកអន្តរជាតិ៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT