អ្នកលេងគុនចម្រុះចំណាត់ថ្នាក់លេខ១កម្ពុជា ចាន់ រតនា នឹងវិលមកកាន់សង្វៀននាខែធ្នូខាងមុខនេះហើយ បន្ទាប់ពីខកខានឡើងសង្វៀនអស់រយៈពេលជាច្រើនខែដោយសារការផ្ទះជំងឺឆ្លងខូវិត-១៩។
ស្ថាប័នប្រដាល់ធំបំផុតក្នុងពិភពលោក ONE Championship បានផ្គូផ្គងឲ្យជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវជួបនឹងជើងខ្លាំងគុនចម្រុះចិន Xie Wei សម្រាប់ការប្រកួតក្នុងប្រភេទទម្ងន់ flyweight នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
ក្នុងព្រឹត្តិការណ៍ធំសំខាន់នេះ គូឯកប្រចាំរាត្រីគឺជើងខ្លាំងថៃ Nong-O Gaiyanghadao ត្រូវឡើងការពារខ្សែក្រវាត់មួយថៃពិភពលោករបស់ខ្លួន ONE Bantamweight ទល់នឹងមិត្តរួមជាតិ Rodlek PK.Saenchai Muaythaigym ដែលជាអ្នកទទួលបានចំណាត់ថ្នាក់លេខ១ពីព្រឹត្តិការណ៍ប្រកួត ONE Bantamweight Muay Thai Tournament។
ចាន់ រតនា បានក្លាយជាតារាប្រដាល់លេចធ្លោរបស់ប្រទេសកម្ពុជានៅឆាកអន្តរជាតិ បន្ទាប់ពីទទួលបានជ័យជម្នះ៣លើកជាប់គ្នានៅ ONE។ ជាមួយនឹងកំណត់ត្រាឡើងសង្វៀនគុនចម្រុះ១០ដងគឺឈ្នះ៧ និងចាញ់៣។ ៣លើកចុងក្រោយ រតនា បានផ្តួលកីឡាករ Abrou Fernanes និងកីឡាករ Rudy Agustian ឲ្យក្នុងទឹកទី២ដូចគ្នា មុនពេលឈ្នះពិន្ទុកីឡាករឥណ្ឌា Gustavo Balart។
ចំណែកកីឡាករចិន Xie Wei ក៏មានបទពិសោធនៅលើសង្វៀនគុនចម្រុះមិនចាញ់អ្នកលេងគុនខ្មែរដែរពោលគឺ៨ដងក្នុងនោះឈ្នះ៥ និងចាញ់៣។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កីឡាករចិនម្នាក់នេះបានបង្កើតកំណត់ត្រាឈ្នះការប្រកួត៥លើកជាប់គ្នានៅសង្វៀន ONE ប៉ុន្តែលើកចុងក្រោយចាញ់កីឡាករ Danny Kingad ដោយពិន្ទុកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០៕