Haaland សរសើរ​សិស្ស​ប្អូន​មួយ​រូប​មិន​ដាច់​ពី​មាត់ ​ក្រោយ​បំបែក​កំណត់ត្រា​ធំ​នៅ Bundesliga

Erling Haaland ដែល​រក​បាន ៤ គ្រាប់​ឲ្យ​ Dortmund កាល​ពី​យប់​មិញ ក្រោយ​ចប់​ការ​ប្រកួត ក៏​បាន​បង្ហាញ​ការ​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​សិស្ស​ប្អូន​គឺ​យុវជន Youssoufa Moukoko ដែល​ជឿ​ថា​ជា​យុវជន​មាន​ទេពកោសល្យ​ល្អ​ដាច់​គេ​មួយ​ក្នុង​ពិភព​បាល់ទាត់​នៅ​ពេល​បច្ចុប្បន្ន។

ទើប​តែ​ឆ្លង​ចូល​ខួប​កំណើត​អាយុ ១៦ ឆ្នាំ Moukoko ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូលរួម​ការ​ប្រកួត និង​ប្តូរ​ចូល​នៅ​នាទី ៨៥ ជំនួស Haaland ហើយ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​បង្ហាញ​ខ្លួន​នៅ Bundesliga ដែល​មាន​អាយុ​តិច​បំផុត​ផង​ដែរ។

ប្រាប់​សារព័ត៌មាន ESPN ខ្សែ​ប្រយុទ្ធ Haaland និយាយ​ថា៖ “ខ្ញុំ​គិត​ថា​គេ [Moukoko] គឺ​ជា​យុវជន​លេចធ្លោ​បំផុត​មួយ​ក្នុង​ពិភពលោក​នៅ​ពេល​នេះ ដោយ​គេ​ទើប​តែ​អាយុ ១៦ ឆ្នាំ​និង ១ ​ថ្ងៃ អ៊ីចឹង​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​គេ​នៅ​មាន​អាជីព​ដ៏​វែងឆ្ងាយ​ទៀត​នៅ​ពេល​ខាង​មុខ”។

បញ្ជាក់​ថា Haaland ក៏​ទើប​តែ​ឈ្នះ​ពាន​បាល់​មាស Golden Boy ពី​ស្ថាប័ន Tuttosport កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ ក្រោយ​ប្រជែង​យក​ឈ្នះ​យុវជន​ល្អ​បំផុត​ទាំង ១០០ ដែល​ស្ថិត​នៅ​ក្រោម​អាយុ ២១ ឆ្នាំ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT