Pep ​ថា​ក្រុម​ដែល​ដឹក​នាំ​ដោយ Jose ​គឺ​បែប​នេះ ​ឈ្នះ១​គ្រាប់​ហើយ​បិទ​ឈឹង​

​ក្រុម Manchester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Spurs ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។​ក្រុម​របស់​លោក Pep ​បាន​របូត​គ្រាប់​បាល់​តាំង​ពី​នាទី​៥ ​ម្ល៉េះ ក្រោយ​ពី​ខ្សែ​ការពារ Error ​ធ្វើ​ឱ្យ Son ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​បាន។

​ក្រោយ​ពី​មាន​១​គ្រាប់​នេះ​ហើយ ​លោក Jose Mourinho ​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ភ្លាម ​ពោល​គឺ​ដាក់​ការពារ​នៅ​ខាង​ក្រោម​ជិត​ឈឹង​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pep ​ពិបាក​ក្នុង​ការ​សម្រុក​មែនទែន ​ពោល​គឺ​ស៊ុត​ជាង​២០​ជើង​ដែរ តែ​គ្មាន​បាន​១​គ្រាប់​នោះ​ទេ។

​លោក Pep ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​បែប​នេះ​ដែរ​ថា​៖ “វា​គួរ​តែ​ល្អ យើង​លេង​បាន​ល្អ​ស្រដៀង​ទៅ​នឹង​រដូវ​កាល​ដទៃ​ទៀត​ដែរ។ ​យើង​មិន​បាន​ការពារ​ល្អ​សម្រាប់​គ្រាប់​ទី​១ ​ហើយ​បន្ទាប់​ពី​មាន​១​គ្រាប់​នោះ​មក ពួកគេ​ចុះ​ការពារ​ខ្លាំង​មែនទែន។ ពួកគេ​ការពារ​ដោយ​៦​នាក់ ហើយ​វា​នឹង​មិន​ងាយ​ស្រួល​ក្នុង​ការ​វាយ​សម្រុក​នោះ​ទេ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT