កីឡាករ​បាល់បោះ​នៅ​ក្លឹប Bayern Munich ដែល​មុខ​ដូច Zlatan បេះដាក់ មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​គ្នា?

តាម​ពិត​ទៅ​នេះ​ជា​រឿង​ចាស់​ដែល​ផ្ទុះ​ជិត ១ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដោយសារ​មាន​អ្នក​គាំទ្រ​ទំព័រ CTS Sports ​មួយ​ចំនួន​នៅ​មាន​ចម្ងល់ ​បែប​នេះ​យើង​ក៏​សុំ​ធ្វើ​ការ​បកស្រាយ​ពាក់ព័ន្ធ​នឹង​កីឡាករ​បាល់​បោះ Nihad Dedovic និង​កីឡាករ​បាល់ទាត់ Zlatan Ibrahimovic ដែល​អ្នក​ទាំង​ពីរ​មាន​មុខ​មាត់​ដូច​គ្នា​បេះដាក់។

មាន​សំណួរ​ចោទ​សួរ​ថា តើ​អត្តពលិក​ទាំង​ពីរ​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា ពួក​គេ​ជា​បងប្អូន​បង្កើត​ឬ​បែប​ណា? ចម្លើយ​ដោយ​ខ្លី៖ គឺ​អត់​ទេ អ្នក​ទាំង​ពីរ​ជា​អ្នក​ដទៃ​សុទ្ធ​សាធ ​ដោយ​វា​ត្រឹម​តែ​ជា​រឿង​ចៃដន្យ​មួយ ដែល​ធ្វើ​ឲ្យ​យើង​នឹក​ស្មាន​មិន​ដល់​តែ​ប៉ុណ្ណោះ។

បុរស​វ័យ ៣០ ឆ្នាំ Dedovic គឺ​ជា​កីឡាករ​បាល់​បោះ​របស់​ក្លឹប FC Bayern Munich ​ដែល​មាន​សញ្ជាតិ​បូស្នី។ លោក​ចាប់ផ្តើម​អាជីព​ក្នុង​វិស័យ​កីឡា​បាល់​បោះ​តាំង​ពី​ឆ្នាំ​ ២០០៥ ដោយ​ឆ្លង​កាត់​ការ​លេង​ឲ្យ​ក្លឹប​ធំៗ​ដូច​ជា Barcelona, Alba Berlin មុន​ផ្ទេរ​មក Bayern នៅ​ឆ្នាំ ២០១៣ ហើយ​បន្ត​មក​ទល់​ពេល​បច្ចុប្បន្ន។

រី​ឯ​ខ្សែ​ប្រយុទ្ធ​វ័យ ៣៩ ឆ្នាំ Zlatan Ibrahimovic ដូច​ប្រិយមិត្ត​បាន​ដឹង​ច្បាស់​ហើយ គឺ​មាន​សញ្ជាតិ​ស៊ុយអែត​និង​ចាប់ផ្តើម​អាជីព​ក្នុង​វិស័យ​កីឡា​បាល់ទាត់​តាំង​ពី​ឆ្នាំ ១៩៩៩ ហើយ​បន្ត​អាជីព​មក​ទល់​ពេល​បច្ចុប្បន្ន​ជាមួយ​នឹង​ក្លឹប AC Milan។

Zlatan និង Dedovic មិន​ធ្លាប់​ជួប​គ្នា​ផ្ទាល់​នៅ​ខាង​ក្រៅ​នោះ​ទេ ប៉ុន្តែ​ធ្លាប់​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរនាំ​តាម​រយៈ​បណ្ដាញ​សង្គម​នូវ​សំណួរ​ដូច​គ្នា​មួយ​ថា តើ​រវាង​អ្នក​ទាំង​ពីរ​មាន​ជាប់​ខ្សែ​ស្រឡាយ​អ្វី​នឹង​គ្នា​ឬ​អត់?

ពេល​នោះ Dedovic ឆ្លើយ​ថា៖ “អត់​ទេ ព្រោះ​ឪពុក​ខ្ញុំ​គាត់​មិន​ធ្លាប់​ទៅ​ដល់​ប្រទេស​ស៊ុយអែត​នោះ​ទេ”។ រី​ឯ Zlatan បាន​និយាយ​បែប​លេងសើច​វិញ​ថា៖ “តែ​ឪពុក​ខ្ញុំ​គាត់​ធ្លាប់​ហោះ​ទៅ​ដល់​ប្រទេស​បូស្នី”។ សារ​នេះ ​លោក​ព្រះ​ចង់​និយាយ​បែប​លេង​សើច​ ថា​ឪពុក​ខ្លួន​ទំនង​ជា​លួច​មាន​កូន​ជាមួយ​នារី​ដទៃ​នៅ​ឯ​ប្រទេស​បូស្នី​ទើប​មាន​មនុស្ស​មាន​មុខមាត់​កើត​មក​ដូច​គ្នា​បែប​ហ្នឹង៕

ប្រភព៖ Legit.ng

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT