ក្នុងការក្លាយជាអត្តពលិកដែលទទួលបានការគាំទ្រខ្លាំងម្នាក់ ជាការពិតណាស់គឺទាមទារការខិតខំប្រឹងប្រែងខ្ពស់ និងត្រូវឆ្លងកាត់ការងារហត់នឿយច្រើនជារៀងរាល់ថ្ងៃ។ បែបនេះការបែងចែកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ក៏ជាកត្តាដ៏សំខាន់មួយសម្រាប់បុគ្គលល្បីល្បាញទាំងនោះផងដែរ។
តើអ្នកគិតថា កីឡាករបាល់ទាត់ Cristiano Ronaldo ឬអតីតអ្នកកីឡាកាស The Rock ជាទូទៅប្រើពេលប៉ុន្មានម៉ោងក្នុងការចូលដំណេកប្រចាំថ្ងៃ? បើតាមរបាយការណ៍ពី Online Mattress Review បង្ហាញដូចតទៅ៖
អតីតអ្នកកីឡាកាសលោក Dwayne Johnson

បើអ្នកជាអ្នកគាំទ្រវិស័យកីឡាកាស និងនិយមទស្សនាខ្សែភាពយន្ត Fast&Furious អ្នកប្រាកដជាស្គាល់ច្បាស់នូវតារាសម្តែងល្បីឈ្មោះគឺ “The Rock”។ ជាមួយនឹងការងារមមាញឹកប្រចាំថ្ងៃ សម្រាប់លោកគឺចាយពេល ៤ ម៉ោង ដោយចូលគេងនៅកំឡុងម៉ោង ១២ យប់ ហើយភ្ញាក់រៀងរាល់ម៉ោង ៤ ព្រឹក។
អតីតអ្នកប្រដាល់ Muhammad Ali

ធ្លាប់ជាស្តេចប្រដាល់ល្បីឈ្មោះនៅសហរដ្ឋអាមេរិកកាលពីអតីតកាល តែសោកស្ដាយលោកបានទទួលមរណភាពកាលពី ៤ ឆ្នាំមុន។ ទម្លាប់នៃការគេងរបស់បុគ្គលជោគជ័យរូបនេះ នៅត្រូវបានគេចងក្រងទុកជាឯកសារ ដោយលោកទម្លាប់គេងនៅម៉ោង ១០ យប់ និងភ្ញាក់នៅម៉ោង ០៤:៣០ នាទីព្រឹក ពោលគឺចំណាយពេល ៦ ម៉ោងកន្លះ។
កីឡាការនីវាយកូនបាល់ Serena Williams

ជាអត្តពលិកអាជីពផ្នែកកីឡាវាយកូនបាល់ និងធ្លាប់ឈ្នះជើងឯកលំដាប់ពិភពលោកនាមជាកីឡាការនីវាយកូនបាល់ផ្នែកនារីល្អដាច់គេក្នុងលោកទៀតផង។ ជារៀងរាល់ថ្ងៃបន្ទាប់ពីចំណាយពេលនៅអាហារពេលល្ងាចជាមួយគ្រួសារ នាងក៏ឆ្លៀតប្រើពេលប៉ុន្មានម៉ោងដើម្បីជជែកកម្សាន្តលេងជាមួយមិត្តភ័ក្ដិនិងគ្រួសារ ហើយធ្វើការមួយចំនួនរបស់នាង មុនចូលដំណេកនៅម៉ោង ១២:០០ នាទីយប់ និងភ្ញាក់នៅម៉ោង ៧ ព្រឹក ពោលគឺប្រើពេលគេងចំនួន ៧ ម៉ោង។
កីឡាករបាល់ទាត់ Cristiano Ronaldo

ជាកីឡាករដែលសកម្មនឹងការហ្វឹកហាត់ខ្លាំងបំផុតមួយ ហើយទម្លាប់នៃការសម្រាករបស់លោកក៏ខុសពីអ្នកដទៃដែរ។ Ronaldo មិនគេងពេញម៉ោងដូចមនុស្សទូទៅនោះទេ ផ្ទុយទៅវិញលោកទម្លាប់គេងមួយស្របក់ម្តង ១ ម៉ោងកន្លះ ហើយធ្វើបែបហ្នឹងចំនួន ៥ ដងរៀងរាល់ថ្ងៃ បែបនេះលោកប្រើពេលគេង ៧ ម៉ោងកន្លះ។
អតីតអ្នកវាយក្បាច់គុណចម្រុះ (MMA) Ronda Rousey
អត្តពលិកវ័យ ៣៣ ឆ្នាំរូបនេះ ធ្លាប់ហែលកាត់ក្នុងវិស័យ MMA និង Judoka អស់រយៈពេលជាច្រើនឆ្នាំ ហើយបានឈ្នះមេដាយជាច្រើនគ្រឿង នៅព្រឹត្តិការណ៍ធំៗផ្សេងពីគ្នា។ នាងតែងតែទម្លាប់ផឹកតែ មុនចូលគេងនៅម៉ោង ១២ រហូតដល់ម៉ោង ៨ ព្រឹក ពោលគឺប្រើពេល ៨ ម៉ោង។
អ្នកវាយកូនហ្គោល Tiger Woods

ជាអ្នកវាយកូនហ្គោលល្បីឈ្មោះ និងមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ ហើយបើក្រឡេកទៅមើលការគេងរបស់លោកវិញ គឺប្រើពេលច្រើនគួរសមដល់ទៅ ៨ ម៉ោងកន្លះឯណោះ ដោយចូលគេងនៅម៉ោង ១០ យប់ ហើយភ្ញាក់ម៉ោង ០៦:៣០ នាទីព្រឹក។
កីឡាករបាល់ឱប Tom Brady

បើអ្នកជាអ្នកគាំទ្រកីឡាបាល់ឱបរបស់អាមេរិក ជឿថាមិនរំលងឈ្មោះ Tom Brady នោះទេ ដោយមកទល់បច្ចុប្បន្នក្នុងវ័យ ៤៣ ឆ្នាំលោកនៅតែបន្តអាជីព ហើយជាប់ឈ្មោះជាកីឡាករបាល់ឱបវ័យចំណាស់ជាងគេបំផុតផងដែរ។ ទម្លាប់គេងរបស់លោកគឺដល់ទៅ ៩ ម៉ោងច្រើនជាងពីរដងបើធៀបនឹង “The Rock”។ Brady ចូលចូលគេងនៅម៉ោង ០៨:៣០ នាទីយប់ ហើយភ្ញាក់វិញនៅម៉ោង ០៥:៣០ នាទីព្រឹក។
កីឡាករបាល់បោះ Stephen Curry
កីឡាករបាល់បោះល្បីឈ្មោះរបស់អាមេរិក Stephen Curry ក៏ជាអ្នកទម្លាប់គេងច្រើនម៉ោងមួយរូបផងដែរ ដោយលោកចាយពេលដល់ទៅ ៩ ម៉ោងឯណោះ ចន្លោះពីម៉ោង ១១ យប់ ដល់ម៉ោង ០៨ ព្រឹក៕ ប្រភព៖ SportingExcitement


