ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំឆ្នាំនេះសម្រួចគោលដៅឆ្ពោះទៅ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃ៥-៦ ខែធ្នូ ឆាប់ៗខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នឹងប្រើប្រាស់តាមរបៀបរបបការប្រកួតអន្តរជាតិ និងតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពោះទៅរៀបចំជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកស្រីអគ្គលេខាធិការបន្ថែមថា វិញ្ញាសាដែលគ្រោងនឹងដាក់ឲ្យប្រកួត នៅក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២នេះ នឹងធ្វើឲ្យស្របតាមទម្រង់ស៊ីហ្គេមកន្លងទៅ ដោយនឹងពង្រឹងលើផ្នែកបច្ចេកទេស លើការដាក់ពិន្ទុយ៉ាងតឹងរឹងហ្មត់ចង់ជាទីបំផុត ដើម្បីសម្របបច្ចេកទេសរបស់កីឡាករ កីឡារិនី និងមន្ត្រីបច្ចេកទេសឲ្យមានគុណភាពមួយ តាមស្តង់ដារអន្តរជាតិ ជាពិសេសគឺទម្រង់ស៊ីហ្គេម ពីព្រោះថា សហព័ន្ធកីឡារាំ ក៏ដូចជាសហព័ន្ធកីឡាជាតិនានារបស់ កម្ពុជា កំពុងខិតខំដុសខាត់ពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០៣ (CAMSOC)។
លោកស្រី ហង់ ស៊ីមន សង្កត់ធ្ងន់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នំានេះកាន់តែពិសេស ក្នុងការស្វែងរកធនធានប្រកប ដោយគុណផលខ្ពស់ៗ ដើម្បីជ្រើសរើសបាននូវជ័យលាភីតាមប្រភេទវិញ្ញាសានីមួយៗ បន្តការហ្វឹកហាត់ត្រៀមទៅប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នំា២០២១ផងដែរ។
ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ មានវិញ្ញាសាដាក់ឲ្យប្រកួតចំនួន១៥វិញ្ញាសា ក្នុងនោះដូចជាវិញ្ញាសារាំគូ រាំឯកត្តជន។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសឲ្យចូលរួមប្រកួត បេក្ខជនគឺជាកីឡាករ កីឡាការិនីក្នុងសមាគម ក្លឹបរាជធានី-ខេត្ត ដែលជាសមាជិករបស់សហព័ន្ធកីឡារាំកម្ពុជា ដែលមានអាយុចាប់ពី៨ឆ្នាំឡើង ព្រមទាំងមានកាយសម្បទាល្អផងដែរ៕ រូបភាពឯកសារកីឡារាំ
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT