Thibaut Courtois ចង់ឱ្យមិត្តរួមក្រុម Eden Hazard មកលេងនៅក្លឹប Real Madrid ដែរនៅរដូវកាលនេះ ព្រោះថារូបគេក៏មានក្ដីស្រមៃដូចខ្លួនដែរ។
ក្នុងថ្ងៃបង្ហាញខ្លួនជាផ្លូវការឱ្យ Madrid អ្នកចាំទី Courtois ថាការបានពាក់អាវរបស់ក្រុមធំជាងគេនៅលើលោក គឺជាក្ដីស្រមៃក្លាយជាការពិត។ ក្លឹបមួយនេះ ជាក្លឹបដែលខ្លួនចង់មកលេងជាយូរមកហើយ ខណៈដែលគ្រួសារផ្ទាល់របស់រស់នៅទីនេះទៀត ទើបធ្វើឱ្យចិត្តកាន់តែចង់មករស់នៅទីនេះ។ អ្នកចាំទីកម្ពស់ ១,៩៩ម៉ែត្ររូបនេះ ក៏ចង់ឃើញវត្តមានមិត្តរួមសញ្ជាតិ Hazard មកលេងនៅ Madrid ជាមួយខ្លួនផងដែរ នៅថ្ងៃណាមួយ ព្រោះពួកគេទាំងពីរនាក់មានក្ដីស្រមៃដូចគ្នា។
កីឡាករវ័យ២៦ឆ្នាំបានបន្ថែមថា៖ “គាត់ (Hazard) សប្បាយចិត្តពេលដឹងថាខ្ញុំមកលេងនៅ Real Madrid ព្រោះគាត់ដឹងថានេះជាអ្វីដែលខ្ញុំទន្ទឹមរង់ចាំ។ គាត់ជាកីឡាករល្អណាស់ ហើយវាពិតជាល្អបំផុតប្រសិនបើគាត់អាចមកទីនេះដែរ នៅថ្ងៃណាមួយ។ នេះជាក្លឹបដែលខ្ញុំចង់លេងឱ្យប្រាកដ”។
Courtois ជាអតីតអ្នកចាំទីរបស់ក្រុម Atletico Madrid ដែលត្រូវបានក្លឹបនេះខ្ចីជើងពី Chelsea ៣រដូវកាលឯណោះ។ នៅក្លឹប AT Madrid ក៏បានឆ្លាក់ឈ្មោះរូបគេជាកីឡាករល្អបំផុតក្នុងក្លឹបផងដែរ ប៉ុន្តែនៅថ្ងៃខាងមុខនេះ រូបគេនឹងត្រូវលេងទល់ក្លឹបចាស់ហើយ ដោយតំណាងឱ្យ Real Madrid តទល់ជាមួយ AT Madrid នាពានរង្វាន់បើករដូវកាល UEFA Super Cup ៕ប្រភព៖ DailyMail