ព្រឹត្តិការណ៍កីឡាទោចក្រយានជើងឯកថ្នាក់ជាតិឆ្នាំ២០២០ជាការចាប់ផ្តើមពង្រឹងគុណភាព ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣

ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ នាថ្ងៃទី៥ ខែធ្នូ នៅខេត្តសៀមរាប ប្រចាំឆ្នាំ២០២០នេះ គឺជាឆ្នាំដ៏សំខាន់មួយ ដែលសហព័ន្ធខ្មែរកីឡាទោចក្រយានចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាខ្មែរកីឡាទោចក្រយាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

\

អគ្គលេខាធិការរូបនេះអះអាងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះទទួលបានថវិកាគាំទ្រចំនួន២៧លានរៀល ពីក្រសួងអប់រំ យុវជន និងកីឡា និងការឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលជាប្រធានខ្មែរសហព័ន្ធកីឡាទោចក្រយាន និងដៃគូមួយចំនួនទៀត ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីជម្រើសជាតិចំនួន៣០នាក់ និងកីឡាករ កីឡាការិនីតាមបណ្តាក្លឹបនានាទូទាំងប្រទេស៣០០នាក់បានបញ្ចេញសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងក្លាលើ៧វិញ្ញាសា ខណៈការបិទបញ្ជីនៃការទទួលចុះឈ្មោះនឹងធ្វើឡើងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ការប្រកួតឆ្នាំនេះនឹងអនុឡោមតាមគោលការណ៍អន្តរជាតិ ទាំងក្បួនច្បាប់ការប្រកួតបច្ចេកទេស និងមន្ត្រីបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យផែនការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ទទួលបានលទ្ធផលល្អប្រសើរ។

លោកសង្កត់ធ្ងន់ទៀតថា យើងចាប់ផ្តើមពង្រឹងបច្ចេកទេស បទបញ្ជាបច្ចេកទេសឲ្យបានតឹងរឹង ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការប្រកួតឆ្នាំនេះមិនដូចជាបណ្តាឆ្នាំមុនៗនោះទេ ដោយនឹងត្រូវពង្រឹងលើវិន័យយ៉ាងតឹងរឹងចំពោះកីឡាករ កីឡាការិនី រួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេសទៀតផង ពីព្រោះថា នេះជាការប្រកួតជើងឯកថ្នាក់ជាតិ ដោយសហព័ន្ធចង់បានការចូលរួមរបស់កីឡាករ កីឡាការិនីប្រកបដោយឆន្ទៈពិតប្រាកដ ដើម្បីប្រកួតប្រជែងអស់ពីលទ្ធភាព ហើយការចុះឈ្មោះត្រូវបង់ថ្លៃតាមការកំណត់។

 

ឆ្នំានេះ ការប្រកួតតម្រូវឲ្យបង់ថ្លៃ ដោយសហព័ន្ធទទួលបានថវិកាឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ត្រឹមតែ២៧លានរៀល ដែលគ្រប់គ្រាន់សម្រាប់ការរៀបចំប៉ុណ្ណោះ ហើយបន្ថែមពីលើនោះគឺមានការជួយឧបត្ថម្ភពីឯកឧត្តមប្រធានសហព័ន្ធ។ ការបង់ថ្លៃនឹងប្រើប្រាស់ទៅលើការហូបចុក អាវ និងកាបូបជាដើម ដើម្បីផ្តល់ជូនទៅអ្នកចុះឈ្មោះវិញ ហើយក្រៅពីនេះនឹងបង្កើនប្រាក់រង្វាន់ជ័យលាភី ពោលគឺបង្កើនឡើងទ្វេរដង ដើម្បីជាការលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំឲ្យអស់ពីសមត្ថភាព ហើយពេលនោះសហព័ន្ធក៏កាន់តែមានជម្រើសល្អ ក្នុងការជ្រើសរើសកីឡាករប្រកបដោយគុណភាពផងដែរ។

លោក នូ ចំរើន ក៏បានបង្ហាញនូវសេចក្តីរីករាយយ៉ាងខ្លាំង ដែលក្លឹបម៉ូតូបេអឹមដាប់ប៊ែលយូកម្ពុជា (BMW motorcycle club Cambodia) នឹងចូលរួមជួយជ្រោមជ្រែងដល់ដំណើរការប្រកួតជើងឯកថ្នាក់ជាតិនេះ ដែលការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៩ នៅកម្ពុជាកន្លងទៅ ក្រុមម៉ូតូធំ BMW នេះក៏បានមកជួយអស់ពីចិត្តផងដែរ។ ជាមួយគ្នានោះ ការចូលរួមប្រកួតនេះ សហព័ន្ធនឹងរៀបចំវិធានការអនាម័យ វាស់កម្តៅ បាញ់អល់កុល និងរក្សាគម្លាតសុវត្ថិភាពឲ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

(រូបភាពឯកសារ)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT