Messi៖ “ខ្ញុំ​ហត់នឿយ​ហើយ​នឹង​ទទួល​ការ​ស្តី​បន្ទោស​ពី​រឿង​គ្រប់​យ៉ាង”

Lionel Messi បាន​ហោះ​មក​កាន់​ទីក្រុង​កាតាឡាន់​វិញ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ប្រកួត​វគ្គ​ជម្រុះ World Cup រួចរាល់។ ប៉ុន្តែ​ពេល​មក​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​មក​រង់ចាំ​លោក ដើម្បី​ចង់​បាន​ចម្លើយ​ពាក់ព័ន្ធ​នឹង​សម្រង់​សម្តី​របស់​លោក Eric Olhats ដែល​បាន​និយាយ​អំពី​ឥទ្ធិពល​របស់​ M10 នៅ Barcelona។

Olhats ជា​អតីត​ភ្នាក់ងារ​រត់ការ​របស់ Antoine Griezmann ហើយ​កាល​ពី​សប្តាហ៍​មុន​គេ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន France Football ថា៖ “Antoine គេ​បាន​មក​ដល់​ក្លឹប [Barcelona] ជាមួយ​បញ្ហា​ដ៏​ធំ ព្រោះ Messi គេ​គ្រប់គ្រង​គ្រប់យ៉ាង​ទៅ​ហើយ​នៅ​ទី​នោះ ដោយ​គាត់​គឺ​ជា​ស្តេច​នៅ​ទី​នោះ អ៊ីចឹង​គាត់​មិន​ខ្វាយខ្វល់​ពី​ការ​មក​ដល់​របស់ Antoine នោះ​ឡើយ”។

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ Messi បាន​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​មួយ​ម៉ាត់​ថា៖ “ខ្ញុំ​ហត់នឿយ​ណាស់​ដែល​តែងតែ​ទទួល​ការ​ស្តី​បន្ទោស​ពី​នេះ​ពី​នោះ​ជាមួយ​រឿង​គ្រប់​យ៉ាង​ទាំង​អស់”។

បន្ទាប់​មក​មុន​ដើរ​ចូល​រថយន្ត ដែល​មាន Antonela Roccuzzo ជា​ភរិយា​កំពុង​ចាំ​នៅ​មុខ​អាកាសយានដ្ឋាន បុរស​វ័យ ៣៣ ឆ្នាំ​ក៏​បាន​បង្ហើយ​ពាក្យ​មួយ​ទៀត​ថា៖ “លើស​ពី​រឿង​ហ្នឹង ទាំង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​អស់ ១៥ ម៉ោង​ហើយ មក​ដល់​មាន​អាជ្ញាធរ​ផ្នែក​ពន្ធ​រង់ចាំ​ដោះស្រាយ​ជាមួយ​ខ្ញុំ​ទៀត វា​ពិត​ជា​ឆ្កួត​ឡប់​ខ្លាំង​ណាស់”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT