ពាន FIFA Club World Cup តាម​ថា​ត្រូវ​លេង​ចុង​ឆ្នាំ ឥឡូវ​លើក​ទៅ​លេង​ឆ្នាំ​ក្រោយ​នៅ​ថ្ងៃ​ទី…

សមាគម​បាល់ទាត់​ពិភពលោក FIFA បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ការ​ប្រកួត​ពាន​រង្វាន់ Club World Cup ឬ​ហៅ​កាត់ CWC សម្រាប់​ឆ្នាំ ២០២០ ដែល​ដើម​ឡើយ​ត្រូវ​ធ្វើ​ឡើង​នៅ​កំឡុង​ចុង​ខែ​ធ្នូ គឺ​សម្រេច​លើក​ពេល​ទៅ​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​វិញ។

ពាន Club World Cup គឺ​ជា​ការ​ប្រកួត​នៃ​ក្រុម​ឈ្នះ​ជើង​ឯក​ប្រចាំ​ទ្វីប​ទាំង ៦ ​មាន​ដូច​ជា​ក្រុម​ឈ្នះ​ពាន​អឺរ៉ុប UEFA Champions League (Bayern Munich) ​ក៏​ដូច​ជា​ពាន​នៅ​ប៉ែក​ខាង​អាហ្វ្រិក ឬ​ប៉ែក​អាមេរិក​ឡាទីន​ជា​ដើម។ កាល​ពី​ឆ្នាំ ២០១៩ ​ហង្ស​ក្រហម Liverpool បាន​ឈ្នះ​ពាន​នេះ ក្រោយ​យក​ឈ្នះ ១-០ ទៅ​លើ Flamengo។

ដោយឡែក​នា​ឆ្នាំ​នេះ គឺ​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​កាតា ចន្លោះ​ពី​ថ្ងៃ​ទី ១ ​ដល់​ថ្ងៃ​ទី ១១ ​ខែ​កុម្ភៈ ឆ្នាំ ២០២១។ រី​ឯ​នៅ​ឆ្នាំ ២០២១ ដែល​ទំនង​ជា​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​ជា​ធម្មតា​នោះ គឺ​ផ្តល់​សិទ្ធ​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ​វិញ​ម្តង៕

ប្រភព៖ FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT