ក្លឹប Spurs មិនធ្វើការទិញចូលកីឡាករថ្មីណាម្នាក់ឡើយសម្រាប់រដូវដោះដូរកីឡាករនេះ ក្រោមមូលហេតុធំមួយ គឺការចំណាយរបស់ក្រុមមានកម្រិត។
លោក Mauricio Pochettino អ្នកចាត់ការក្រុមខាងលើបានបញ្ជាក់ថាកូនក្រុមទាំងមូលត្រូវក្លាហានសម្រាប់រដូវកាលថ្មី បើទោះជាក្លឹបមិនបានទិញចូលកីឡាករណាម្នាក់ក៏ដោយ។ បុរសសញ្ជាតិអាហ្សង់ទីន បានហៅទីផ្សារដោះដូរកីឡាករនេះ ជារឿងឆ្កួតបំផុត ព្រោះថាតម្លៃកីឡាករម្នាក់ៗកើនឡើងខ្លាំងមែនទែន។ លោកបន្ថែមថា Spurs នឹងមិនទិញចូលកីឡាករណាម្នាក់ទេ ដើម្បីឱ្យថ្នាលយុវជននិងកីឡាករនៅក្នុងក្រុមបច្ចុប្បន្នបានបង្ហាញសមត្ថភាពកាន់តែខ្លាំងរដូវកាលនេះ។
“អ្វីដែលក្លឹបធ្វើពេលនេះ គឺបង្ហាញថាយើងក្លាហានឈានចូលលីគដោយមិនមានកីឡាករថ្មី។ កសាងក្រុមថ្មីមួយ និងកសាងកីឡដ្ឋានមួយដែលមានតម្លៃជាតិ១ពាន់លានផោន គឺគ្រប់គ្រាន់សម្រាប់ Spurs ហើយរដូវកាលនេះ”។ ការបញ្ជាក់របស់លោក Pochettino នេះគឺមានន័យថាក្លឹបមិនទិញកីឡាករចូល ដោយសារតែបានចំណាយច្រើនលើសលប់ទៅលើការកសាងកីឡដ្ឋានថ្មីរបស់ខ្លួនទៅហើយ៕ប្រភព៖ DailyMail