អាហ្សង់ទីន ​និង​ប្រេស៊ីល ​បន្ដ​កំណត់ត្រា​មិន​ចាញ់​នៅ​ជម្រុះ World Cup ​

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​និង​ប្រេស៊ីល ​សុទ្ធ​តែ​បន្ដ​កំណត់ត្រា​មិន​ចាញ់​ឡើយ ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។​​នៅ​ព្រឹកមិញ​នេះ ​ក្រុម​ប្រេស៊ីល ​បាន​បន្ដ​ភាព​ខ្លាំង​របស់​ខ្លួន ​ដោយ​យក​ឈ្នះ​លើ​ក្រុម​អ៊ុយរុយហ្គាយ​ក្នុង​លទ្ធផល ​២-០ ​បើ​ទោះ​ជា​ពួកគេ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ដូចជា Coutinho ​និង Neymar ​ក៏​ដោយ។

​២​គ្រាប់​របស់​ក្រុម​សាំបា​ខាង​លើ​នេះ ​ធ្វើ​បាន​សម្រេច​ដោយ Arthur ​១​គ្រាប់​នៅ​នាទី​៣៤ ​និង Richarlison ​នៅ​នាទី​៤៥។ ​ទទួល​បាន​លទ្ធផល​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម​ប្រេស៊ីល​បន្ដ​ឈរ​នៅ​កំពូល​តារាង ​លេង​៤​ប្រកួត ​ឈ្នះ​ទាំង​៤​ប្រកួត។

​សម្រាប់​ក្រុម​អាហ្សង់ទីន​វិញ ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ​ផង​ដែរ។ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​បេរ៉ូ​ក្នុង​លទ្ធផល ​២-០ ​ដែរ។ ​ដោយ​២​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Nicolas Gonzalez ​នាទី​១៧ ​និង Lautaro Martinez ​នៅ​នាទី​២៨។ ​ជ័យជម្នះ​នេះ ​គឺ​ជា​ជ័យជម្នះ​ទី​៣​ក្នុង​ការ​ប្រកួត​៤​ប្រកួត​កន្លង​មក​នេះ​របស់​អាហ្សង់ទីន ​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ក្រោម​ប្រេស៊ីល៕

ប្រភព៖ Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT