Tebas ថា​ La Liga ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ចាកចេញ​របស់ Messi ​

លោក Javier Tebas ​​ប្រធាន La Liga ​បាន​អះអាង​ថា​ក្រុម​ការងារ​របស់​លោក​បាន​ត្រៀម​ជា​ស្រេច​ហើយ ​សម្រាប់​ការ​ចាកចេញ​របស់ Lionel Messi ​នៅ​ពេល​ខាង​មុខ​នេះ​។​Messi ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម Barcelona ​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ​ទេ ខណៈ​ដែល​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ កីឡាករ​អាហ្សង់ទីន​រូប​នេះ​ព្យាយាម​ចាកចេញ​ពី​អេស្ប៉ាញ​រួច​ទៅ​ហើយ។ ​

ស្ថានភាព​បច្ចុប្បន្ន​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ទំនង​ជា​ពិបាក​ក្នុង​ការ​ឃាត់​កីឡាករ​ឆ្នើម​របស់​ខ្លួន​ខ្លាំង​ណាស់ ត្បិត​អី​ទម្រង់​លេង​របស់​ក្រុម ​និង​ស្ថានភាព​ពិបាក​សេដ្ឋកិច្ច​ក្លឹប​ទាំង​មូល​គឺ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការ​បន្ដ​កុងត្រា​ឱ្យ​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​នេះ។

ជាមួយ​រឿង Messi ចង់​ចាកចេញ​នេះ​ដែរ ​លោក Tebas ​បាន​និយាយ​ដែរ​ថា​៖ “យើង​ពិត​ជា​ចង់​ឱ្យ Messi ​បន្ដ​នៅ La Liga ​ប៉ុន្តែ Ronaldo ​និង Neymar ​បាន​ចេញ​ទៅ ​ហើយ​យើង​ក៏​គិត​ថា​វា​មិន​មាន​អ្វី​ខុស​គ្នា​ដែរ បើ Messi ​ចេញ។ ​ខ្ញុំ​មិន​បារម្ភ​ច្រើន​ឡើយ ​ក្រុម​ការងារ​របស់​យើង​ក៏បាន​ត្រៀម​ហើយ​ដែរ​សម្រាប់​រឿង​ដែល​ត្រូវ​កើត​ខាង​មុខ​នេះ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT