កាន់តួនាទីនាយកបច្ចេកទេសក្នុង​បាល់​ទាត់​លោក ស៊ុំ វណ្ណាត្រូវ​រ៉ាប់​រងអ្វីខ្លះ?

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចតែងតាំងលោក ស៊ុ វណ្ណា ដែលជាគ្រូក្រុមធំសព្វថ្ងៃនេះទៅជានាយកបច្ចេកទេសរបស់ក្លឹប បន្ទាប់ពីគ្រូបង្គោលរូបនេះបានចំណាយពេលវេលាជិត២រដូវកាលជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន។

ដូច​ដែល​បាន​ដឹងក្នុងសេចក្តីប្រកាសពត៌មានរបស់ក្លិបភ្នំពេញក្រោន គ្រូបង្វឹករូបនេះគឺជាចំណែកមួយក្នុងការអភិវឌ្ឍធនធានកីឡាកររបស់យើង ដូច្នេះថ្នាក់ដឹកនាំក្លឹបបានធ្វើការសម្រេចតែងតាំងលោកគ្រូជានាយកបច្ចេកទេស ដោយផ្តោតសំខាន់លើការអភិវឌ្ឍយុវជនថ្នាលទាំងទាំង៣កម្រិត (យុវជនអាយុក្រោម១៥ឆ្នាំ យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម២១ឆ្នាំ) និងក្រុមនារីភ្នំពេញក្រោន»។

លោក ស៊ុំ វណ្ណា បានបង្ហាញតួនាទី​ជានាយកបច្ចេកទេសលម្អិត ថា៖ ​ដោយសារក្លិបភ្នំពេញក្រោនមិនទាន់មាននាយកបច្ចេកទេសគ្រប់គ្រងទៅលើក្រុមថ្នាលយុវជន ដូចជា U15 U17 U19 និង U21 លោកឧកញ៉ាប្រធានក្លិបក៏បានសម្រេចឲ្យលោកទៅជួយគ្រប់គ្រង និងអភិវឌ្ឍផ្នែកបច្ចេកទេសលើក្រុមថ្នាលទាំងនេះ ហើយនៅពេលខាងមុខយើងនឹងមានក្រុមកុមារក្រោមអាយុ១២ឆ្នាំមួយឈុតទៀត”។

“ជាគោលដៅ គឺយើងនឹងផ្តោតសំខាន់ទៅលើចក្ខុវិស័យរបស់ក្លិប ដោយពង្រឹងគុណភាពលើឈុតយុវជនឲ្យបានល្អបន្ថែមទៀត ជាងឆ្នំាកន្លងទៅ ក្នុងនោះនឹងពង្រឹងលើឈុតតូចៗរហូតដល់ឈុតU21 និងបង្កើតធនធានថ្មីៗចន្លោះពី៥ទៅ៧នាក់ ក្នុង១ឆ្នាំៗ ដើម្បីជួយផ្គត់ផ្គង់ទៅលើក្រុមឈុតធំ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នារដូវកាលបន្តបន្ទាប់។ ជាមួយគ្នានោះ យើងនឹងពិនិត្យមើល និងព្យាយាមកែលម្អទៅលើទីលានហ្វឹកហាត់ ទីលានប្រកួត ស្វែងរកកីឡាករល្អៗមកពីតំបន់ផ្សេងៗមកចូលរួមក្នុងក្លិប ជាពិសេសគឺជួយលើកកម្ពស់បន្ថែមដល់គុណភាពសមត្ថភាពគ្រូបង្វឹកនានា ដើម្បីពង្រឹងគុណភាពបន្ថែម ក្នុងការគ្រប់គ្រង ហ្វឹកហាត់នៃក្រុមឈុតនីមួយៗ ដែលគ្រូបង្វឹក របស់ក្លិបទាំងនោះទទួលបន្ទុក”។

លោក ស៊ុំ វណ្ណា បានលើកឡើងនូវការប្រៀបធៀបរវាងគ្រូបង្គោលឈុតធំដឹកនាំការប្រកួតលីគ កន្លងទៅ និងតួនាទីជានាយកបច្ចេកទេសរបស់ក្លិបថា ការងារថ្មីនេះមានវិសាលភាពធំ ដោយត្រូវការពេលវេលាច្រើន ក្នុងការស្វែង រកធនធាន ការបណ្តុះបណ្តាល ការអង្គេតមើលកីឡាករ រួមទាំងការអង្គេតមើលគ្រូបង្វឹកផង។ ទោះយ៉ាងនេះក្តីការងារ នេះមិនច្រើនដូចការងារដឹកនាំក្រុមឈុតធំប៉ុន្មានទេ ដោយសារក្រុមឈុតធំត្រូវការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេកម្រិតខ្ពស់ជាង ការរៀបចំគម្រោងជាមួយកីឡាករ គ្រូបង្វឹក ក៏ដូចជាការដោះស្រាយពេលហ្វឹកហាត់ និងការប្រកួត របស់កីឡាករ ដោយត្រូវសិក្សាលម្អិតទាំងមុនពេលប្រកួត ក្នុងពេលប្រកួត និងក្រោយពេលប្រកួតជាដើម។ ជារួម ការងារជានាយកបច្ចេកទេសមានការងារច្រើន និងមានសារៈសំខាន់ខ្លាំងណាស់ដែរ ដែលត្រូវការពេលវេលាក្នុងការផលិតធនធាន ការអង្គេតលើកីឡាការិនីឲ្យមានគុណភាពពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនាយកបច្ចេកទេសមិនមានឈ្នះ ឬចាញ់ការប្រកួតទេ ប៉ុន្តែគ្រូបង្គោលដឹកនំាការប្រកួត គឺមានការឈ្នះចាញ់នៃការប្រកួត ដែលយើងត្រូវការរៀបចំទម្រង់ និងការរិះរកមធ្យោបាយថ្មីៗរហូតជាដើម។

សូមរំឭកថា លោក ស៊ុំ វណ្ណា គឺជាអតីតគ្រូបង្វឹកធ្លាប់ដឹកនំាក្លិបបាល់ទាត់ស៊ីម៉ាក់ ក្លិបបាល់ទាត់វេស្ទើន ហើយបានមកជួយដឹកនាំគ្រូបង្គោលនៅក្លិបភ្នំពេញក្រោនជិតពីរដូវកាលចុងក្រោយ គិតមកដល់ឆ្នំា២០២០នេះ។ សម្រាប់រដូវកាល ២០២០ ក្រុមភ្នំពេញក្រោន ក្រោមការដឹកនំារបស់លោក ស៊ុំ វណ្ណា ជួយឲ្យក្រុមភ្នំពេញក្រោនដណ្តើមបានចំណាត់ថ្នាក់លេខ៣ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ដោយមាន៣៣ពិន្ទុ ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ៩ប្រកួត ស្មើ៦ប្រកួត និងចាញ់២ប្រកួត និងដណ្តើមបានចំណាត់ថ្នាក់លេខ៤ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិព្រៃវែង ២ទល់៤ នៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣៕

រូបភាពក្លិបបាល់ទាត់ភ្នំពេញក្រោន និង CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT