ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅរក្សាធ្វើនាថ្ងៃទី៦ធ្នូដដែល

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា សម្រាប់ការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ នាថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ គឺគណៈកម្មការរៀបចំនៅតែរក្សាទិវានេះនៅដដែល ប៉ុន្តែឆ្នាំនេះមានតែអ្នករត់តែប៉ុន្មានរយនាក់ប៉ុណ្ណោះ ហើយនឹងអនុវត្តនូវវិធានការសុខាភិបាលឲ្យបានហ្មត់ចត់បំផុត ដើម្បីរួមគ្នាបង្ការជំងឺកូវីដ-១៩។
ឯកឧត្តមបន្ថែមថា ចំពោះជំហរនៃការរៀបចំនេះយើងនៅតែរក្សាការរៀបចំដដែល ប៉ុន្តែយើងរៀបចំយ៉ាងម៉ឺនម៉ាត់នូវវិធានការណ៍ការការពារនៃការរីករាលដាលនៃជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាល ដោយនៅពេលអ្នករត់ប្រណាំងទាំងអស់ ដែលបានចូលរួមនឹងត្រូវអនុវត្តវិធានការសុខាភិបាលដូចជាវាស់កម្តៅ លាងសម្អាតអនាម័យ រក្សាគម្លាតបុគ្គលជាដើម ដែលនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩នេះ យើងមានអ្នកចូលរួមតែប៉ុន្មានរយនាក់ប៉ុណ្ណោះ មិនដូចឆ្នាំកន្លងទៅ ជាពិសេសគឺឆ្នាំ២០១៩ លើកទី២៤ គឺមានអ្នកចូលរួមរត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ឯណោះ។ សម្រាប់គម្រោងរៀបចំ នាថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅតំបន់អង្គរ គឺយើងនឹងរៀបចំឲ្យមានការប្រមូលផ្តុំរត់ជាផ្នែកតូចៗ ចន្លោះ២០ទៅ៣០នាក់ មានចម្លោះសុវត្ថិភាពរត់ជានិមិត្តរូប ហើយពេលរត់មកដល់ទីវិញ គឺបំបែកគ្នា ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏សំខាន់ប្រចាំឆ្នំាធ្លាប់ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនអាចលុបចោលបាន។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់បន្ថែមទៀតថា ទិវារត់ប្រណាំងអង្គរ ឆ្នាំ២០២០នេះមិនមានអ្នកចូលរួមមកពីក្រៅប្រទេសទេ ដោយឈ្មោះអ្នកទាំងនោះរក្សាទុកសម្រាប់ឆ្នាំ២០២១វិញ ដោយរក្សាការចូលរួមតែអ្នករត់បរទេស ដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះដែលអនុញ្ញាតឲ្យចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមរត់កម្សាន្តសប្បាយ និងចូលរួមអបអរសាទរនៃខួបលើកទី២៥ឆ្នាំនៃទិវារត់ប្រណាំអន្តរជាតិដ៏ទាក់ទាញ់ខ្លាំងបំផុតប្រចាំឆ្នាំរបស់កម្ពុជា ដើម្បីស្វែងរកមូលនិធិជួយដល់កិច្ចការសង្គម និងសប្បរសធម៌។
ឯកឧត្តម វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ដែរនោះក៏បានសង្កត់ធ្ងន់ដែរថា ក្រោមការចង្អុលបង្ហាញ និងការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យរក្សាការរៀបចំនេះនៅដដែល ដែលនេះគឺជាទិដ្ឋភាពមួយក្នុងការជួយមួយផ្នែកដល់ប្រតិបត្តិករ ទេសចរណ៍ សេវាទេសចរណ៍ សណ្ឋាគារ នៅខេត្តសៀមរាប។ ឯកឧត្តមដាក់ក្តីសង្ឃឹមថា ការរៀបចំទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនេះនឹងជៀសផុតពីការចម្លងនៃការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននៃវិធានការសុខាភិបាល ជាពិសេសគឺការរត់ចេញម្តងម្នាក់ៗ រីឯអ្នកដែលចូលរួមរត់ទាំងអស់សុទ្ធតែចុះឈ្មោះមានអត្តសញ្ញាណច្បាស់លាស់ ក្នុងការកំណត់មុខសញ្ញា និងការគ្រប់គ្រង។ នៅសប្តាហ៍ក្រោយនេះយើងនឹងបើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំកម្មវិធីនេះឲ្យរលូន ដែលបង្រួមពីកម្មវិធីធំ ដូចរាល់ឆ្នាំមកនៅតូច នៅក្នុងឆ្នាំ២០២០។
នៅមុន១ថ្ងៃនៃទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ ពោលគឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាននឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅខេត្តសៀមរាបនោះដែរ ដោយមានកីឡាករ កីឡាការិនីជម្រើស ក្នុងកម្រិតជំនាញបច្ចេកទេសចូលរួមប្រកួតប្រមាណ៣០នាក់ប៉ុណ្ណោះ ដែលនេះគឺជាការបង្កើតឲ្យមានសកម្មភាពកីឡា ប៉ុន្តែយើងមិនប្រមូលផ្តុំនោះទេ ដោយកំណត់ពីចំនួននៃអ្នកចូលរួម និងរក្សាគម្លាតសុវត្ថិភាពជាដើម។
សូមបញ្ជាក់ថា ទិវារត់ប្រណាំអន្តរជាតិអង្គរនេះបានប្រារព្ធធ្វើឡើងអស់រយៈពេល២៤ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០១៩ កន្លងទៅ ដោយឆ្នាំចុងក្រោយគេទាក់ទាញបានអ្នករត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ បន្ទាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ១៩៩៦មានអ្នកចូលរួមប្រមាណ៦០០នាក់ប៉ុណ្ណោះ។ ដោយឈរលើគោលបំណងដ៏ចម្បងរបស់ខ្លួន ក្នុងគោលដៅមនុស្សធម៌ ទិវាមួយនេះទទួលបានការគាំទ្រជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៩ ទិវានេះទទួលបានជោគជ័យខ្លាំងជាងគេ ហើយបានបរិច្ចាគថវិកា ដែលបានមកពីការឧបត្ថម្ភ និងការបង់ថ្លៃចុះឈ្មោះចូលរួមជូនដល់អង្គការ មន្ទីរពេទ្យចំនួន៦ ដែលមានថវិកាសរុបចំនួន ១៤៤៦១១ ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរចំនួន ១១១២១១ដុល្លារ, កាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥ពាន់ដុល្លារ, Cambodia Trust ៣៦០០ដុល្លារ, Handicap International Belgium ៣០០០ដុល្លារ និងអង្គការបេះដូងមាស សរុបចំនួន ១១៨០០ដុល្លារ ដែលមានគម្រោងកម្មវិធីរបស់ខ្លួនចំនួន៥ផ្សេងៗពីគ្នា ៕
រូបភាពរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ កាលពីឆ្នាំ២០១៩
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT