Sir Alex ​ប្រាប់​មូលហេតុ​ចម្បង ដែល​គិត​ថា Ronaldo លេចធ្លោ​ជាង Messi

លោក Sir Alex Ferguson បាន​បង្ហាញ​ការ​យល់​ឃើញ ជុំវិញ​ការ​ប្រៀបធៀប​រវាង​តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo ដែល​មាន​ម្នាក់​ធ្លាប់​ជា​អតីត​កូន​ក្រុម​របស់​ខ្លួន​នៅ​ក្លឹប Manchester United។

ឆ្លង​កាត់​ការ​ប្រកួតប្រជែង​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​នេះ ​កីឡាករ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​និង​អាហ្សង់ទីន ​រមែង​បាន​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​លើក​មក​វែកញែក ថា​នរណា​ល្អ​ជាង​នរណា?

ក្រឡេក​មក​​គ្រូ​ចាស់​នៅ​បិសាច​ក្រហម លោក Sir Alex Ferguson ​ធ្លាប់​និយាយ​ចំៗ​ថា CR7 គឺ​មាន​ចំណុច​ពិសេស​មួយ​ជាង M10 ត្រង់​ថា អាច​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ដទៃ​ណា​បាន​ទាំង​អស់ ហើយ​បន្ត​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​មួយ​ដដែល។

គ្រូ​ចាស់​វ័យ ៧៨ ឆ្នាំ​និយាយ៖ “អ្នក​រាល់​គ្នា​តែង​សួរ​ថា តើ​នរណា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក? ដោយ​មាន​មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​និយាយ​ថា Messi ហើយ​ការ​យល់​ឃើញ​នេះ​អ្នក​មិន​អាច​ប្រកែក​បាន​នោះ​ទេ”។

លោក​បន្ត៖ “ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា Ronaldo អាច​លេង​ឲ្យ​ក្លឹប​ដូច​ជា Milwall, Queens Park Rangers, Doncaster Rovers ឬ​ក្លឹប​ជា​ច្រើន​ទៀត ហើយ​ក៏​អាច​រក​បាន Hat-Trick ​នៅ​ការ​ប្រកួត ប៉ុន្តែ​សម្រាប់ Messi ខ្ញុំ​មិន​ច្បាស់​ ថា​គេ​អាច​ធ្វើ​បាន​ឬ​អត់​នោះ​ទេ”។

“Ronaldo គេ​ល្អ​ទាំង​ជើង​សង​ខាង គេ​លឿន ហើយ​ល្អ​ទាំង​បាល់​លើ​អាកាស​ថែម​ទៀត តែ Messi ខ្ញុំ​យល់​ឃើញ​ថា គេ​ត្រឹម​តែ​ជា​កីឡាករ​ល្អ​បំផុត​របស់ Barcelona តែ​ប៉ុណ្ណោះ”។

គួរ​រំឭក​ថា Ronaldo ​បាន​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ចំនួន​ ៣ រួច​មក​ហើយ និង​ឈ្នះ​ពាន​រង្វាន់​ធំៗ​ជា​ច្រើន​នៅ​ទី​នោះ​មាន​ដូច​ជា​នៅ Manchester United, Real Madrid និង Juventus ស្រប​ពេល​ដែល Messi ​ចាយ​ពេល​សឹង​មួយ​អាជីព​នៅ​ក្លឹប Barcelona ​តែ​ក៏​ល្ហៀងៗ​ថា​អាច​នឹង​ចាកចេញ​នៅ​ពេល​ចុង​ក្រោយ​នេះ​ផង​ដែរ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT