បិសាចក្រហម Manchester United បានបញ្ចប់រដូវកាលដោះដូរកីឡាករហើយ ដោយមិនអាចទិញយកខ្សែការពារណាម្នាក់បានឡើយ។ការទិញមិនបានសូម្បីម្នាក់ដែលជាកីឡាករក្រុមត្រូវការនេះ បណ្ដាលឱ្យអ្នកគាំទ្រជាច្រើនដាក់ចម្ងល់ថាតើបិសាចក្រហម កំពុងមានបញ្ហាអ្វីទើបបានជាទិញនរណាក៏មិនបានដូច្នេះ? លោក Jose Mourinho អ្នកចាត់ការដែលកីឡាករគ្រប់គ្នាចង់ធ្វើការជាមួយនោះ បែរជាមិនអាចអន្ទង់ចិត្តម្នាក់ណាបានឡើយ បើទោះជាផ្ដល់តម្លៃខ្លួនថ្លៃយ៉ាងណាក្ដី។
កីឡាករដំបូងដែលបិសាចក្រហមចង់បានគឺ Diego Godin លេងនៅក្លឹប Atletico Madrid ក្នុងតម្លៃខ្លួន១៨លានផោន ក្រោយពីទិញកីឡាករអ៊ុយរុយហ្គាយរូបនេះមិនបានហើយ ក៏ទៅទាក់ទងយក Toby Alderweireld របស់ Spurs ខ្សែការពារ Yerry Mina របស់ Barcelona កីឡាករ Maguire របស់ Leicester City និង Boateng របស់ Bayern ទៀត។ ជាចុងក្រោយ កីឡាករទាំងអស់នេះ បែរជាបដិសេធមកធ្វើការនៅ Old Trafford ទៅវិញ។ នេះបានធ្វើឱ្យលោក Jose Mourinho ខកចិត្តយ៉ាងខ្លាំង ព្រោះថាគម្រោងបន្ថែមកម្លាំងការពារនៅរដូវកាលនេះ ត្រូវសូន្យឈឹងហើយ៕ប្រភព៖ DailyMail